(ព្រៃវែង)៖ ជនជាតិវៀតណាមម្នាក់បានបើករថយន្តក្នុងល្បឿនលឿនរួចបួងចង្កូតបុករបងថ្មអ្នកស្រុក បណ្ដាលឲ្យស្លាប់ខ្លួន ឯង និងរបួសធ្ងន់២នាក់កំពុងជួសសង្គ្រោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើផ្លូវក្រាលកៅស៊ូលេខ៣១៣ស្ថិតក្នុង ភូមិសៀម ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។
លោក អ៊ន សុគន្ធ អធិការស្រុកបាភ្នំ បានប្រាប់ឲ្យដឹងថាករណីនេះបង្កដោយរថយន្តមួយគ្រឿងម៉ាក 4RUNNERពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ “ភ្នំពេញ” 2C.9772 បើកក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់កន្លែង កើតហេតុបានរេចង្កូតទៅបុករបងផ្ទះរបស់ឈ្មោះ យ៉ាន់ ដូមីនីកា ភេទស្រី អាយុ២៨ឆ្នាំ ភូមិសៀម ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង គ្មានរបួស ប៉ុន្តែបាក់របងថ្មខ្ទេចក្នុងនោះអ្នកជិះក្នុងរថយន្ត៣នាក់បានស្លាប់ និងរបួស ចំណែករថយន្ដខូចខាត ទាំងស្រុង។ លោកអធិការ បន្តថាជនរងគ្រោះទាំង៣នាក់ រួមមាន ៖
ទី១ ឈ្មោះ ស៊ឿង ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិវៀតណាម រស់នៅ ស្រុកបាឡាត់ ប្រទេសវៀតណាម ជាអ្នកបើកបរ បានស្លាប់ពេលបញ្ជូនមកដល់មន្ទីពេទ្យបង្អែកស្រុកបាភ្នំ។ និងអ្នករួមដំណើរ២នាក់
ទី១ ឈ្មោះ យ៉ាវ ស៊ីនួន ភេទប្រុស អាយុ៤៨ឆ្នាំ កាន់អត្តសញ្ញាបណ្ណសញ្ជាតិខ្មែរ រស់នៅភូមិលេខ២សង្កាត់លេខ3mក្រុងព្រះសីហនុ ខេត្តព្រះសីហនុ របួសធ្ងន់។
ទី២ ជនជាតិវៀតណាមជាបុរសអត់ស្គាល់ឈ្មោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។ ទោះបីជា យ៉ាងណាចំពោះមូលហេតុដែលបណ្ដាលឲ្យរថយន្តបុករបងបែបនេះសមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុនៅឡើយនោះ ទេថាតើអ្នកបើកស្រវឹងងងុយដេកបែកកង់ឬយ៉ាងណា…?។
បច្ចុប្បន្នរថយន្តរក្សាទុកនៅប៉ុស្តឹស្ដៅកោងចំណែកសពប្រគល់អោយទៅបងប្អូនយកទៅប្រទេសវៀតណាមវិញ៕










