ថ្ងៃ អង្គារ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ ក្នុងគម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម សម័យប្រជុំរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៦ មីនានេះ បានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ ក្នុងគម្រោងវិនិយោគ សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម។ សេចក្តីព្រាងច្បាប់ទាំង ៣នេះរួមមាន៖ ១-សេច ក្តីព្រាងច្បាប់ សម្រាប់គម្រោងវិនិយោគ សាងសង់រោងចក្រអគ្គិសនី ដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង។ ២-សេចក្តីព្រាងច្បាប់ សម្រាប់គម្រោងវិនិយោគ សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ២៦៥មេហ្គាវ៉ាត់ នៅខេត្តឧត្តរមានជ័យ និង៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ គម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត។   ក្នុងសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាលទាក់ទងទៅនឹងវិស័យថាមពលអគ្គិសនីនេះ បានលើកឡើងថា វិស័យថាមពល ត្រូវបានអភិវឌ្ឍក្នុងសន្ទុះយ៉ាងលឿន និងបានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការ ទ្រទ្រង់ការអភិវឌ្ឍ ហើយថា តម្រូវការប្រើប្រាស់អគ្គិសនីបន្តស្ថិតក្នុងអត្រាកំណើនខ្ពស់ដើរស្របនឹងចក្ខុ វិស័យដ៏មហិច្ឆិតារបស់រាជរដ្ឋាភិបាលក្នុងការជម្រុញការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្របដណ្តប់គ្រប់ភូមិ ក្នុងឆ្នាំ ២០២០ ដោយតម្លៃសមរម្យ និងតម្លៃឯកភាពទូទាំងប្រទេស៕  
  • រាជរដ្ឋាភិបាលទទួលថវិកាពីសប្បុរសជនបានជិត ៩លានដុល្លារសម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញថា រាជរដ្ឋាភិបាលបានទទួលថវិកាចំនួនជិត ៩លានដុល្លារពីសប្បុរសជនក្នុងស្រុក សម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ខណៈដែលនៅកម្ពុជាកំពុងរកឃើញអ្នកឆ្លងជំងឺនេះជាបន្តបន្ទាប់។   សម្តេចតេជោបានបញ្ជាក់ថា ៖ «មកដល់ពេលនេះ ថវិកានៃការចូលរួមរបស់សប្បុរសជនបានប្រមាណជាជិត ៩លាន។ សូមអរគុណជាមួយនឹងការអរព្រះគុណចំពោះព្រះករុណា ព្រះមហាក្សត្រ ក៏ដូចជាសម្តេចម៉ែជាទីសក្ការៈ។ អរគុណចំពោះសប្បុរសជននានាដែលបានចូលរួម មិនថាច្រើន មិនថាតិច។   នេះបង្ហាញពីទឹកចិត្តដែលខ្មែរចេះស្រឡាញ់គ្នា។ ថវិកាយើងប៉ុណ្ណេះ គ្រាន់តែពលរដ្ឋរបស់យើងចំនួនទឹកប្រាក់ជាង ៨លានដុល្លារដែលចូលរួម តែប៉ុន្មានថ្ងៃទេ ហើយយើងនឹងបន្តទទួលដោយសារជំងឺនេះវាអត់ទាន់ស្ងប់ទេ»៕  
  • អ្នកឆ្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសអង់គ្លេសកើនដល់ជាង៩,០០០នាក់ និង៤៦៣នាក់ស្លាប់ (អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានចុះផ្សាយថា បើយោងតាមតួរលេខចេញពីក្រសួងសុខាភិបាលអង់គ្លេស បានឲ្យដឹងថា ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ ក្នុងប្រទេសសរុបបានកើនដល់ ៩,៥២៩ករណី និង ៤៦៣នាក់ស្លាប់។គួររម្លឹកផងដែរថា កាលពីម្សិលមិញនេះ អង់គ្លេសបានរកឃើញករណីឆ្លងថ្មីនៃវីរុសកូវីដ១៩រហូតដល់ ១,៤៥២ករណី។ បច្ចុប្បន្នក្រុមជំនាញសុខាភិបាលអង់គ្លេស កំពុងតែបង្កើនការធ្វើតេស្តរកអ្នកផ្ទុក COVID-19 ឲ្យបានកាន់តែខ្លាំងក្លាជាងមុន យ៉ាងហោចណាស់ក៏ឲ្យបាន ២៥,០០០នាក់ក្នុងមួយថ្ងៃដែរ។ គួរបញ្ជាក់តាមអាជ្ញាធរអង់គ្លេសថា ម៉ាសសរុបចំនួនជាង ១៥លានម៉ាស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនានាទូទាំងប្រទេសហើយ។ ទាំងអង់គ្លេស និងបណ្តាប្រទេសអឺរ៉ុបផ្សេងៗទៀត នៅតែគ្មានសញ្ញាបង្ហាញអំពី ភាពធូរស្រាលនៅឡើយទេ ចំពោះការរីករាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19)៕
  • ក្រសួងទេសចរណ៍ តម្រូវឲ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ប្រើប្រាស់ប្រព័ន្ធអនឡាញ ដើម្បីបញ្ចូលព័ត៌មានពីស្ថានភាពរបស់ភ្ញៀវដែលចូលស្នាក់នៅ ក្រសួងទេសចរណ៍ប្រកាសដាក់ឲ្យប្រើប្រាស់ជាកាតព្វកិច្ចនូវ«ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍» តាមរយៈគេហទំព័រ www.accomodationregigstrar.net ចំពោះម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់ ដើម្បីឆ្លើយតបភ្លាមៗទៅនឹងសភាពការណ៍បច្ចុប្បន្ន នៃការរីករាលដាលចម្លងវីរុសរលាកសួតប្រភេទថ្មី កូវីដ១៩។   ក្នុងសេចក្តីប្រកាសនេះ បានកំហិតឲ្យគ្រប់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់ ត្រូវភ្ជាប់ប្រើប្រាស់ប្រព័ន្ធព័ត៌មានអនឡាញ ដើម្បីបញ្ចូលព័ត៌មានរបស់ភ្ញៀវ ក្នុងពេលស្នាក់នៅក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍របស់ខ្លួន។   លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍បានឱ្យដឹងថា ៖ “ការគ្រប់គ្រងបញ្ជីស្នាក់នៅទេសចរណ៍” តាមអនឡាញ នេះ ផ្តល់ភាពងាយស្រួលដល់ក្រសួងទេសចរណ៍ អាចសហការផ្តល់ព័ត៌មានជូនអាជ្ញាធរមានសមត្ថកិច្ច ក្នុងការត្រួតពិនិត្យ ឬតាមដានវត្តមានភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល់នៃវីរុស កូវីដ១៩៕
  • តើអ្វីដែលប៉ះមុខរបស់អ្នកដែលនាំឲ្យឆ្លងមេរោគកូវីដ១៩បាន មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺសហរដ្ឋអាមេរិក CDC បានណែនាំឱ្យសម្អាតវត្ថុប្រើប្រាស់នានា ដែលអ្នកប៉ះពាល់ញឹកញាប់បំផុតជារៀងរាល់ថ្ងៃដូចជាទូរស័ព្ទ,ក្តារចុច និងកុំព្យូទ័រជា ដើម អ្នកជំនាញនិយាយថា មេរោគកូវីដ១៩នេះ អាចរស់នៅបាន ៣ ថ្ងៃលើផ្លាស្ទិកនិងដែកអ៊ីណុក ឬ ដែកមិនច្រេះ ហើយឆ្លង នៅពេលអ្នកប៉ះផ្ទៃដែលមានភាពកខ្វក់ដូចជាការផ្អឹបទូរស័ព្ទនៅលើថ្ពាល់របស់អ្នក នៅពេលអ្នកនិយាយទូរស័ព្ទ។ ប៉ុន្តែអ្នកត្រូវសម្អាតដោយថ្នម បើមិនដូច្នេះទេអ្នកអាចធ្វើឱ្យឧបករណ៍របស់អ្នកខូច។ តទៅនេះ គឺជាអ្វីដែលអ្នកមិនត្រូវធ្វើនៅពេលអ្នកសម្អាតទូរស័ព្ទ៖ កុំបាញ់ទឹកលាងសម្អាតដោយផ្ទាល់ទៅលើទូរស័ព្ទរបស់អ្នក។កុំដាក់ទូរស័ព្ទទៅក្នុងទឹកលាង សម្អាត។កុំប្រើឧបករណ៍ដែលប្រើកម្លាំងខ្យល់ ដូចជាការបាញ់ខ្យល់ដើម្បីសម្អាតក្តារវាយកុំព្យូរទ័រជាដើម។ជៀសវាងកុំប្រើរបស់ដែលគ្រើម វាអាចធ្វើឲ្យមានស្នាមឆូត។ តើអ្វីដែលយើងអាចរៀនបានពីវិធីសម្អាតទាំងប៉ុន្មានខាងលើនេះ? កុំធ្វើឲ្យទូរស័ព្ទអ្នកសើមឲ្យសោះ។ សូមបញ្ជាក់ម្តងហើយម្តងទៀត គឺកុំធ្វើឲ្យទូរស័ព្ទអ្នកសើមឲ្យសោះ។ តទៅនេះ ជាវិធីដែលអ្នកគួរតែធ្វើដើម្បីសម្អាតទូរស័ព្ទរបស់អ្នក៖ ជាដំបូង អ្នកត្រូវបិទទូរស័ព្ទរបស់អ្នកសិន ហើយដកខ្សែបញ្ចូលថ្មផងដែរ។ អ្នកត្រូវតែពិនិត្យមើលឲ្យប្រាកដថា ពេលអ្នកសម្អាតទូរស័ព្ទរបស់អ្នក ទូរស័ព្ទរបស់អ្នកមិនកំពុង បញ្ចូលថ្មទេ ហើយទូរស័ព្ទរបស់អ្នកក៏មិនត្រូវសើមដែរ។ ប្រើក្រណាត់ជូតសម្អាតដែលមានជាតិអាល់កុល៧០ភាគរយ ដូចជាក្រណាត់ជូតនៅក្នុងប្រ អប់ ដែលអ្នកអាចទាញយកមកប្រើមួយផ្ទាំងម្តង។ រោងចក្រផលិតទូរស័ព្ទiPhone របស់ក្រុមហ៊ុន Apple បានឲ្យដឹងថា នៅពេលដែលអ្នកប្រើក្រណាត់ជូត អ្នកត្រូវជូតវាដោយថ្នមៗ។ ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត AT&T ផ្តល់អនុសាសន៍ថា អ្នកត្រូវពូតទឹកចេញពីក្រណាត់ជូតនោះឲ្យអស់ មុនពេលអ្នកយកវាទៅជូតសម្អាតទូរស័ព្ទរបស់អ្នក។ ក្រដាស និងក្រណាត់ធម្មតា ក៏អាចយកមកជូតសម្អាតទូរស័ព្ទបានដែរ ដោយបាញ់ទឹកលាងសម្អាតនៅលើក្រដាស និងក្រណាត់នោះ។ កុំបាញ់ទឹកលាងសម្អាតដោយផ្ទាល់ទៅលើទូរស័ព្ទរបស់អ្នក។ ប្រភេទក្រណាត់ផ្សេងទៀត ដែលអាចយកមកជូតសម្អាតទូរស័ព្ទបានដែរនោះ […]
  • ក្រសួងអប់រំ ហាមមិនឲ្យគ្រូបង្រៀនគួរក្នុងពេលនេះ (ភ្នំពេញ)៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ១៩ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន នៅថ្ងៃទី២៦ ខែ មីនា ឆ្នាំ២០២០បានចេញសេចក្តីណែនាំ ស្តីពី វិធានការបន្ថែមក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។ ក្នុងនោះ ក្រសួងអប់រំ បានហាមផ្តាច់ មិនឲ្យមានការបង្រៀនគួរ ក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាពេលនេះទេ។ ក្នុងករណី គ្រូបង្រៀនណា ដែលល្មើស ក្រសួងចាត់វិធានការរដ្ឋបាលចំពោះគ្រូបង្រៀននោះ។ ជាមួយគ្នានោះ ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់មន្ត្រីអប់រំ គ្រប់លំដាប់ថ្នាក់ ឱ្យធ្វើការនៅផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ ដោយផ្អាកការត្រួតពិនិត្យវត្តមាន តាមរយៈការស្គែនកាត ឬក្រយៅដៃ មួយ រយៈសិន។ គ្រប់អង្គភាព ត្រូវរៀបចំវេនការងារ ដើម្បធានាកិច្ចការនៅការិយាល័យនីមួយៗ មានដំណើរការ និងមិនរាំងស្ទះការងាររបស់ស្ថាប័ន។ រាល់ការដាក់ឆ្លងឯកសារ និងការបែងចែកឯកសារ ត្រូវធ្វើឡើងតាមរយៈប្រព័ន្ធឌីជីថល ដូចជា Telegram, What Apps ជាដើម។
  • មានវីដេអូរ៖ សម្តេចក្រឡាហោម ស ខេង បន្តដំណេីរ ជួបសំណេះសំណាលជាមួយអាជ្ញាធរ និងនគរបាលអន្តប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ៖ បន្ទាប់ពីចុះសូសុខទុក្ខកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការនៅខេត្តបាត់ដំបងនិងខេត្តប៉ៃលិននៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និង នគរបាលអន្តប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ វត្តមានរបស់សម្ដេចក្រឡាហោម ក្នុង បរិបទពិភពលោកកំពុងប្រឈមខ្លាំងនឹងការរីករាលដាលជំងឺកូវីដ១៩ នៅពេល នេះបានបង្ហាញទឹកចិត្តយកចិត្តទុក ដាក់ និងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាអង្គភាព នៅច្រកទ្វារព្រំដែន ដែលពីម្សិលមិញសម្តេចក្រឡាហោម បានអញ្ជើញជួបណេះសំណាលជាមួយអាជ្ញាធរខេត្ត និងនគរបាលអន្តប្រវេសន៍ខេត្តប៉ៃលិន និងខេត្តបាត់ដំបង ៕  
  • សម្តេចតេជោ អំពាវនាវឲ្យពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ដាក់ខ្លួននៅដោយឡែក ចៀសវាងឆ្លងដល់ក្រុមគ្រួសារ និងសហគមន៍ មានប្រសាសាន៍ពីវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ម្សិលមិញ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ បានបញ្ជាឲ្យស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណាគ្រប់គ្រងជាបន្ទាន់នូវពលករខ្មែរប្រមាណ ១៥ពាន់នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសថៃចូលកម្ពុជា កាលពីពេលថ្មីៗនេះ ដើម្បីឲ្យពួកគេអនុវត្តន៍វិធានការ «ដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ»។   សម្តេចតេជោ ក៏បានអំពាវនាវដល់បងប្អូនពលករទាំងអស់កុំមានការភ័យខ្លាច អ្នកខ្លះថា ខ្លាចគេយកទៅក្រុងទុក ឥឡូវបើមិនចង់ឲ្យគេយកទៅក្រុងទុក គឺសូមនៅតែក្នុងផ្ទះទៅ កុំដើរទៅណា ហើយត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកឆ្ងាយពីគេមួយរយៈពេលសិន ហើយបើមានប្រពន្ធកូន កុំអាលទៅជិតប្រពន្ធកូន ខ្លាចឆ្លងដល់ប្រពន្ធកូន គឺមិនមានអ្វីដែលត្រូវភ័យនោះទេ គឺធ្វើបែបនេះ ដើម្បីធានាសុខភាពរបស់បងប្អូនកូនក្មួយពលករទាំងអស់គ្នា កុំអោយមានឆ្លងជំងឺកូវីឌ-១៩ ពីម្នាក់ទៅម្នាក់ទៀតនៅក្នុងក្រុមគ្រួសារ និងក្នុងសហគមន៍៕  
  • សម្តេច ស ខេង ÷ ស្ថានភាព កូវីដ១៩ នៅកម្ពុជាប៉ុណ្ណឹង មិនមានការដាក់ប្រទេសក្នុងគ្រាអាសន្ន សម្ដេចក្រឡាហោម ស ខេង នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានថ្លែងថា ពេលនេះ ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ខ្ញុំគិតថា ក្នុងស្ថានភាពបច្ចុប្បន្នក្នុងកម្រិតប៉ុណ្ណឹង ប្រហែលជាមិនទាន់មានទេ តែប្រសិនណាជាស្ថានភាពកាន់តែរីកកើនចំនួនអ្នកឆ្លងមេរោគ COVID-19 គឺជៀសមិនផុតឡើយ។   សម្ដេច ស ខេង ក៏បានណែនាំឲ្យអភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវធ្វើការស្រង់បញ្ជីចំនួនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ឲ្យបានច្បាស់លាស់ ព្រោះតាមតួលេខ ពីអគ្គស្នងការនគរបាលជាតិ ចំនួនពលករខ្មែរដែលបានចាកចេញពីប្រទេសថៃ ក្រោយប្រកាសបិទព្រំដែនបណ្ដោះអាសន្នជាមួយកម្ពុជា មានចំនួនប្រមាណ ២១.០០០នាក់។   សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចកំពុងពិចារណា ក្នុងការទូលថ្វាយសូមព្រះរាជានុញ្ញាត ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីដាក់ប្រទេសឲ្យស្ថិតនៅក្នុងគ្រាមានអាសន្ន បើសិនជាមានករណីឆ្លងជំងឺកូវីដ១៩ បន្តរីករាលដាលខ្លាំងនៅក្នុងប្រទេសកម្ពុជា៕  
  • កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន៣ករណីថ្មីទៀត សរុបកើនដល់ ៩៦នាក់ ជាសះស្បើយ ១០នាក់ ក្រសួងសុខាភិបាលនាយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះ បានជូនដំណឹងថា បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣ករណីបន្ថែមទៀត ដែលសរុបអ្នកឆ្លងក្នុងថ្ងៃនេះ មានដល់ ៥ករណី គឺចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសគិតត្រឹមយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ កើនដល់ ៩៦ករណី រីឯចំនួនអ្នកដែលព្យាបាលជាសះស្បើយវិញ បានកើនដល់ ១០នាក់៕
  • រដ្មមន្ត្រីកសិកម្ម អះអាងថា កម្ពុជាគ្មានបញ្ហាសន្តិសុខស្បៀងទេ ទោះបីមាន covid 19 ក្តី ឯ.ឧ. វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា បានអះអាងនៅថ្ងៃទី២៥ ខែមីនា ថា កម្ពុជា មិនមានបញ្ហាសន្តិសុខស្បៀងទេ បើទោះបីឋិតក្នុងកាលៈទេសៈកំពុងជួបការរាលដាលនៃ covid19 ក៏ដោយ ព្រោះកម្ពុជាមានស្ថិរភាពល្អក្មុងវិស័យកសិកម្ម អាចបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបាន។   ឯ.ឧ.រដ្ឋមន្ត្រី បានបញ្ជាក់អះអាងថា «ចំពោះបញ្ហាសន្តិសុខស្បៀងសម្រាប់កម្ពុជា ខ្ញុំគិតថា មិនមានបញ្ហាអ្វី ដែលកើតឡើងទេ ព្រោះស្រូវយើងមាននៅសល់ច្រើន ការចិញ្ចឹមជ្រូករបស់យើងក៏អាចផ្គត់ផ្គង់ទីផ្សាររហូតដល់ ៨០ភាគរយ ហើយការចិញ្ចឹមត្រីរបស់យើង ក៏ដំណើរការធម្មតា ការដាំដុះបន្លែបង្ការរបស់កសិករ ក៏ដំណើរការធម្មតា និយាយរួមវិស័យកសិកម្មរបស់កម្ពុជា នៅដំណើរការធម្មតា»៕
  • ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក អំពាវនាវឲ្យសិស្សនិស្សិតនៅសហរដ្ឋអាមេរិកជៀសវាងការធ្វើដំណើរបណ្ដោះអាសន្នទៅក្រៅប្រទេស អគ្គរាជទូតកម្ពុជាក៏បានបញ្ជាក់ថារាជរដ្ឋាភិបាលគ្មានគោលការណ៍ជម្លៀសនិស្សិតមកកាន់កម្ពុជានៅឡើយនៅក្នុងដំណាក់កាលនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស កូវីដ១៩។
  • ក្រសួងសុខាភិបាលរកឃើញវិជ្ជមានអ្នកឆ្លងវីរុសកូវីដចំនួន៥នាក់បន្ថែមទៀត ធ្វើឲ្យចំនួនកើនឡើងដល់៩៦ នាក់  ក្នុងចំណោមមនុស្ស ៥ នាក់ដែលរកឃើញថ្មី មានពីរនាក់ជាទេសចរណ៍ជនជាតិបារាំង នៅខេត្តព្រះសីហនុ ម្នាក់នៅរាជធានីភ្នំពេញ កណ្តាលម្នាក់ សៀមរាបម្នាក់។ ចំពោះប្រជាពលរដ្ឋ ដែលប៉ះពាល់ផ្ទាល់ជាមួយនឹងទេសចរណ៍ជនជាតិបារាំងចំនួន១០ នាក់នៅខេត្តបាត់ដំបង មាន ៦នាក់តេស្តអវិជ្ជមាន និង ៤ នាក់កំពុងរង់ចាំលទ្ធផល។ គិតមកដល់ពេលនេះមានមនុស្សចំនួន ១០ នាក់ហើយដែលបានជាសះស្បើយគិតចាប់តាំងពីខែមករា។    
  • ជនជាតិ​ចិន ១៧៤នាក់ ដែលឃាត់ដាក់ឲ្យនៅដោយឡែកនៅក្រុងបាវិត កំពុងធ្វើចត្តាឡីស័ករកមេរោគកូវីដ ១៩ ជនជាតិចិនចំនួន ១៧៤នាក់ ក្នុងនោះ​ស្រី​ចំនួន​៣៧​នាក់ ដែលត្រូវបានសមត្ថកិច្ចចម្រុះក្រុងបាវិតឃាត់ទុក និងរៀបចំឲ្យនៅដោយឡែក កាលពីយប់ថ្ងៃទី២៤ ខែមីនា ម្សិលមិញនេះ មិនទាន់រកឃើញរោគសញ្ញានៃការឆ្លងវីរុសកូវីដ១៩ ទេ។ នេះបើតាមបញ្ជាក់របស់លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត នៅ​ថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២០​ នេះ ។   លោក​ លឹម សៀង​ហេង អភិបាលក្រុង​បាវិត បានប្រាប់ថា នៅ​យប់​ថ្ងៃ​២៤ ខែមីនា ឆ្នាំ​២០២០ ជនជាតិទាំងនោះ បានធ្វើដំណើរតាម​រថយន្តក្រុង ពីភ្នំពេញ ទៅចុះនៅចំណុចខាងមុខសណ្ឋាគារនិងកាស៊ីណូ ជិត​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត កាលពី​វេលា​ម៉ោង​ ៧និង១០នាទីយប់ ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ហើយត្រូវបានសមត្ថកិច្ចឃាត់ទុក។   លោកថា រហូតដល់​ម៉ោង​ ១៧ល្ងាចថ្ងៃទី២៥ ខែមីនា នេះ នៅ​មិនទាន់​សម្រេច​ថា យក​ជន​ជាតិចិន​ទាំងនោះទៅដាក់នៅកន្លែងណានៅឡើយទេ គឺ​ឲ្យពួកគាត់នៅដាច់ដោយឡែកសិន កំពុងរង់ចាំលទ្ធផលរបស់ក្រុមចត្តាឡីស័ក៕
  • កម្ពុជាបានត្រៀមបន្ទប់ជាង ៣ពាន់សម្រាប់ព្យាបាលអ្នកមានមេរោគកូវីដ-១៩ ដោយឥតគិតថ្លៃ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៥ ខែមីនា នេះថា បានត្រៀមរួចស្រេចហើយនូវបន្ទប់ជាង ៣ពាន់បន្ទប់ នៅទូទាំងប្រទេស សម្រាប់ទទួលពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលបានឆ្លងជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ។   សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលសង្ស័យថា ខ្លួនមានឆ្លងមេររោគ កូវីដ-១៩ សូមទូរស័ព្វមកលេខ ១១៥​ ដើម្បីប្រឹក្សាយោបល់ នឹងទទួលបានការពិនិត្យព្យាបាលដោយឥតគិតថ្លៃ ព្រោះនេះ គឺជាបញ្ហាសុខភាពផ្ទាល់របស់បងប្អូនដែលត្រូវតែពិនិត្យសុខភាពខ្លួនឯងអោយបានច្បាស់ ចៀសវាងចម្លងរោគនេះទៅប្តី ឬប្រពន្ឋ ឬកូនចៅ និងក្រុមគ្រួសារដែលចុងក្រោយ គឺមានតែការសោកស្តាយ ៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)