នាយកប្រតិបត្តិក្រុមហ៊ុន TikTok បានប្រកាសប្តេជ្ញាតតាំងប្រឆាំងនៅក្នុងតុលាការ ដើម្បីច្រានចោលច្បាប់របស់សហរដ្ឋ អាមេរិក ក្នុងការហាមឃាត់ក្រុមហ៊ុន TikTok។ អាមេរិក បានចោទប្រកាន់ថា បណ្តាញសង្គមមួយនេះត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលចិន។ បណ្តាញផ្សព្វផ្សាយសង្គមដ៏ល្បីល្បាយ TikTok ដែលមានប្រជាជនអាមេរិកប្រើប្រាស់រហូតដល់ទៅ ១៧០លាន នាក់ ភាគច្រើន ជាក្មេងៗ ត្រូវបានហាមប្រាមនៅសហរដ្ឋអាមេរិក ក្រោយការចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោកចូ បៃឌិន។ នៅក្នុងសេចក្តីព្រាងច្បាប់នេះ បានផ្តល់ពេលវេលាឱ្យក្រុមហ៊ុន TikTok រយៈពេលប្រាំបួនខែ ដើម្បីដកខ្លួនចេញពីក្រុមហ៊ុនមេរបស់ចិន ByteDance ឬត្រូវបានដកចេញពីទីផ្សារអាមេរិក។

លោក Shou Zi Chew ម្ចាស់ក្រុមហ៊ុម TikTok បានហៅទង្វើនេះថា “គួរឱ្យអស់សំណើច ដោយសារតែសេរីភាពនៃការបញ្ចេញមតិនៅលើបណ្តាញសង្គម TikTok បានឆ្លុះបញ្ចាំងពីតម្លៃរបស់អាមេរិកដូចគ្នា ដែលធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាសញ្ញានៃសេរីភាព។”

លោកក៏បានប្រាប់ទៅកាន់អ្នកប្រើប្រាស់ទាំងអស់ថា “សូមប្រាកដថា យើងនឹងមិនទៅណានោះទេ ហើយយើងនឹងបន្តតស៊ូ ដើម្បីសិទ្ធិរបស់អ្នកនៅក្នុងតុលាការ ព្រោះការពិត និងអត្តភាពគឺនៅលើយើង។” TikTok ដែលជាបណ្តាញផ្សព្វផ្សាយសង្គមដ៏មានប្រជាប្រិយភាព អស់រយៈពេលជាច្រើនឆ្នាំមកនេះ បានស្ថិតនៅក្នុងរង្វង់ដៃរបស់អាជ្ញាធរអាមេរិក ដែលបាននិយាយថា បណ្តាញសង្គមមួយនេះ បានអនុញ្ញាតឱ្យទីក្រុងប៉េកាំង ចាប់យកទិន្នន័យរបស់អ្នកប្រើប្រាស់នៅក្នុងសហរដ្ឋ អាមេរិក៕






