(ភ្នំពេញ)៖ នាយកដ្ឋានសុខាភិបាល នៃក្រសួងការពារជាតិ បានចេញសេចក្ដីណែនាំមួយ ស្ដីពី ការប្រយុទ្ធទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ នៅក្នុងជួរកងទ័ព។
នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។
ក្រសួងការពារជាតិ បានធ្វើការណែនាំក្នុងស្ថាប័ន កងឯកភាពយោធពលខេមរភូមិន្ទ ដូចខាងក្រោម៖
*ទី១៖ ណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព តាមសារាចរណែនាំលេខ០១ សរណន ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ដែលបានចេញជាបន្ដបន្ទាប់។
*ទី២៖ សហការឲ្យបានជិតស្និទ្ធជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលជាសេនាធិការរបស់ក្រសួងសុខាភិបាល ដើម្បីចាត់វិធានការបង្កើនកិច្ចការពារ អប់រំ បង្ការ និងទប់ស្កាត់ការរីករាលដាល នៃការឆ្លងវីរុសកូវីដ១៩ នៅផ្ទៃក្នុងស្ថាប័ន អង្គភាពរបស់ខ្លួន តាមរយៈការធ្វើអនាម័យ លាងដៃឲ្យបានញឹកញាប់ សម្អាតបន្ទប់បំពេញការងារ បន្ទប់ស្នាក់នៅ បន្ទប់ទឹក បោកគក់សម្លៀកបំពាក់ និងគ្រឿងបរិក្ខារប្រើប្រាស់ផ្សេងៗ ឲ្យបានជាប់ជាប្រចាំ។
*ទី៣៖ ពិនិត្យឃើញរោគសញ្ញាណាមួយដែលមានភាពសង្ស័យ ដូចជា ឡើងកំដៅ, ក្អក, ឈឺបំពង់ក, ហត់, ពិបាកដកដង្ហើម ឬបញ្ហាសុខភាពផ្សេងៗ ត្រូវរាយការណ៍បន្ទាន់ទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ឬមន្ទីរសុខាភិបាលរាជធានី-ខេត្ត ឬការិយាល័យសុខាភិបាលស្រុកប្រតិបត្តិការ ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ ឬមន្ទីរពេទ្យយោធានៅតំបន់ប្រតិបត្តិការសឹក កងពល យោធភូមិភាគ និងមន្ទីរពេទ្យព្រះកេតុមាលា។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញនូវករណីឆ្លងជំងឺ Covid-19 ចំនួន២ករណីថែមទៀត នៅលើខ្លួនជនជាតិម៉ាឡេស៊ី២នាក់ ដែលធ្វើឲ្យករណីឆ្លងសរុប នៅក្នុងប្រទេសកម្ពុជាបានកើនដល់៣៥នាក់៕






