ក្រុមហ៊ុនវិនិយោគមកពីទីក្រុងសានថូវ ខេត្តក្វាងតុង បានបង្ហាញការចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា ពិសេសកិច្ចសហប្រតិ បត្តិការលើវិស័យសុខាភិបាល កសិកម្ម និងទេសចរណ៍។
ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា នារសៀលថ្ងៃទី១៣ ខែសីហា នាវិមានវិមានសន្តិភាព។
លោក Wen Zhan Bin លេខាគណៈកម្មាធិការបក្ស នៃទីក្រុងសានថូវ ខេត្តក្វាងតុង បានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចនាពេលនេះ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្ដូរវប្បធម៌រវាងទីក្រុងសានថូវ ខេត្តក្វាងតុង និងព្រះរាជាណាចក្រកម្ពុជា។
គណ:ប្រតិភូទីក្រុងសានថូវ ក៏មានបំណងជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល កសិកម្ម និងទេសចរណ៍ ព្រមទាំងលទ្ធភាពក្នុងការបើកដំណើរការឡើងវិញនូវការហោះហើរត្រង់ពីទីក្រុងសានថូវ មកប្រទេសកម្ពុជា នាពេលខាងមុខ។
ដោយមានការចូលរួមពីសំណាក់ក្រុមហ៊ុនសរុបចំនួនប្រមាណ១២០ ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះបាន សម្រេចបាននូវការចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិ បត្តិការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងជាមួយបណ្តាក្រុមហ៊ុនឯកជនមួយចំនួននៅកម្ពុជា។
សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានគួរឱ្យកត់សម្គាល់នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទីក្រុងសានថូវ និងរីករាយស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូក្នុងការវិនិយោគលើវិស័យសក្តានុពលផ្សេងៗ នៅកម្ពុជា។
សម្ដេចធិបតីបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែបកម្ពុជា-ចិន ហើយដំណើរទស្សន កិច្ចនាពេលនេះ នឹងកាន់តែរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិ សេសការតភ្ជាប់ក្នុងចំណោមវិស័យឯកជន និងវិស័យឯកជន។
សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់វិនិយោ គិន មកពីទីក្រុងសានថូវ បន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន នៅកម្ពុជា ដើម្បីស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យសក្កានុពលជាច្រើនទៀត ជាពិសេសវិស័យកសិកម្ម និងឧស្សាហកម្ម៕






