ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃសៅរ៍ថាមនុស្សជិត៨០នាក់បានស្លាប់ និង ៣០នាក់ផ្សេង ទៀតកំពុងបាត់ខ្លួន នៅក្នុងទឹកជំនន់ ដែលបានធ្វើឱ្យមានការបំផ្លិចបំផ្លាញនៅទូទាំងប្រទេសអ៊ីរ៉ង់អស់រយៈពេលជាងមួយសប្តាហ៍នេះ។ គួរបញ្ជាក់ថា ទឹកជំនន់ភ្លាមៗដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង នៅក្នុងខេត្តហ្វា ភាគខាងត្បូង ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣២នាក់បានស្លាប់។
ទីក្រុងចំនួន ៦០ និងភូមិជាង៥០០ នៅទូទាំងប្រទេសដែលមានប្រជាជនប្រហែល ៨៣លាននាក់ បានរងផលប៉ះពាល់ដោយទឹកជំនន់ ខេត្តតេអេរ៉ង់ គឺជាខេត្តដែលរងគ្រោះខ្លាំងជាងគេ ដែលមានអ្នកស្លាប់ចំនួន ៣៥នាក់ ឯខេត្តម៉ាស្សាដារាណ ដែលនៅជិតនោះមានអ្នកបាត់ខ្លួនច្រើន ជាងគេបំផុតគឺ ២០នាក់។
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយាថូឡា អាលី ខេមិនណេ បានសម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសារ និងបានអំពាវនាវឱ្យអាជ្ញាធរចាត់វិធានការចាំបាច់ ដើម្បីជួស ជុលការខូចខាត។
លោកប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ាស៊ី (Ebrahim Raisi) បានទៅទស្សនកិច្ចតំបន់ដែលរង គ្រោះដោយទឹកជំនន់នៅក្នុងតំបន់ហ្វីរូសគូ ភាគខាងកើតនៃរដ្ឋធានី។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ការ ខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីនោះជាចម្បង ដោយសារ តែការរអិលបាក់ដីភ្នំកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលបានឆក់យកជីវិតមនុស្ស១៤នាក់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានប៉ាន់ ប្រមាណដំបូងប្រហែល ២០០លានដុល្លារ នៅក្នុងការខូចខាតដល់វិស័យកសិកម្មនេះបើយោងតាមការផ្សាយរបស់រដ្ឋ IRIB៕
ប្រែសម្រួលដោយ ប៊ុន សុភាព






