ភ្នំពេញ៖ ក្រុមកម្មករ កម្មាការីនីរោងចក្រប្រមាណ៤០នាក់ តំណាងអោយកម្មករ២០០នាក់ បាននាំគ្នាធ្វើដំណើរមក សាលា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ សុំការអន្តរាគមន៍កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨
បន្ទាប់ពីបុរសម្នាក់ និងនារីម្នាក់ត្រូវបានគេអះអាងថាជារដ្ឋបាលរោងចក្រមួយកន្លែង បានប្រកាសជ្រើសរើសបុគ្គលិកជា ច្រើននាក់ចូលបម្រើការងារនៅក្នុងរោងចក្រមួយកន្លែង ប៉ុន្តែតម្រូវអោយពួកគាត់បង់លុយជាមុន ហើយសន្យាថានាំចូល ធ្វើការក្នុងរោងចក្រ។
បើកតាមយុវជនម្នាក់ឈ្មោះ ផេង ចាន់ថូ ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិស្ពានតោ ឃុំរឡាំងគ្រើល ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ បានអោយដឹងថា មុនពេលកើតហេតុរូបគាត់បានឃើញក្រដាសដែលគេបិតតាមបង្គោលភ្លើង និង ជញ្ញាំងតាមផ្លូវ ថាត្រូវការជ្រើសរើសបុគ្គលិកជាច្រើននាក់ និងមិនត្រូវការបទពិសោធន៍ ទើបរូបគាត់ទំនាក់ទំនងតាមទូរស័ព្ទ និងណាត់ជួបបុរសម្នាក់ឈ្មោះ តុលា ។ លុះនៅថ្ងៃ២០ ខែឧសភា ឆ្នាំដដែល រូបគាត់ក៏មកជួបបុរសម្នាក់ឈ្មោះ តុលា ដែលបានអះអាងថាជារដ្ឋបាល បានតម្រូវអោយគាត់បង់លុយមុនចំនួន៥០$ ដោយសន្យាថានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ នឹងនាំចូលធ្វើការក្នុងរោងចក្រ។
តាមព័ត៌មានបន្តទៀតថា រហូតមកដល់ថ្ងៃកើតហេតុរូបគាត់ និងក្រុមកម្មករជាច្រើននាក់ទៀត បាននាំគ្នាមកចូលធ្វើការតាម អ្វីដែលបុរសរដ្ឋបាលនោះសន្យា។ តែអ្វីដែលហួសចិត្តនោះ ខណៈដែលក្រុមកម្មករជាង២០០នាក់ បានមកធ្វើការ បែរជា នៅកន្លែងរោងចក្រឆ្លើយថាមិនមានរើសបុគ្គលិកនោះទេ ហើយក៏មិនស្គាល់ឈ្មោះ តុលា ដែលអះអាងថារដ្ឋបាលដែរ ទើបនាំគ្នាភ្ញាក់ខ្លួនថាចាញ់បោកគេហើយបាននាំគ្នាទៅសាលាសង្កាត់ចោមចៅ៣សុំការអន្តរាគមន៍។
ជនរងគ្រោះបានបញ្ជាក់ថា រោងចក្រដែលបុរសឆបោកប្រាប់យកមកធ្វើជាឈ្នាន់នោះឈ្មោះ វីន សាន់ ដែលមានទីតាំងនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ហើយកន្លែងដែលពួកគេមកប្រគល់លុយនៅក្នុង បុរីញ៉ូថោន សង្កាត់ចោមចៅ៣។ ជនរងគ្រោះបានបញ្ជាក់ថា ពាក់ព័ន្ធនិងករណីខាងលើនេះ ក្រុមកម្មករមានអ្នកខ្លះបង់រហូត ១០០$ និងមានលើសពីនេះទៅទៀត៕ ម៉េង ធា







