តៃវ៉ាន់៖ កងទ័ពជើងទឹករបស់កោះតៃវ៉ាន់ បានធើ្វលំហាត់សឹកសាកល្បងពីសមត្ថភាពស្វ័យការពាររបស់ខ្លួន នៅតំបន់ច្រក សមុទ្រតៃវ៉ាន់ រយៈពេល ៣ថ្ងៃ ដោយមានការដាក់ពង្រាយនាវាចម្បាំងជំនាន់ថ្មីសម្រាប់ដឹកនាំបេសកកម្មហ្វឹកហ្វឺននៅមុនការចូលមកដល់នូវឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណី។
សមយុទ្ធនេះបានធើ្វឡើងនៅឯមូលដ្ឋានទ័ពជើងទឹកនៅក្នុងទីក្រុង កៅសុង ភាគខាងត្បូងកោះតៃវ៉ាន់ ស្ថិតនៅលើឆ្នេរក្បែរច្រកសមុទ្រតៃវ៉ាន់ ដោយមានការចូលរួមពីកប៉ាល់វាយប្រហារគ្រាប់មីស៊ីលខ្នាតតូចជាច្រើនគ្រឿង ដែលនាំមុខដោយនាវា ចម្បាំងល្បឿនលឿនជំនាន់ថ្មីប្រភេទ ធួ ឈៀង មានប្រវែងជាង ៦៥ម៉ែត្រ ក្នុងគោលបំណងសាកល្បងឈុតឆាកប្រយុទ្ធស្វ័យ ការពារប្រឆាំងនឹងការឈ្លានពានរបស់នាវាសត្រូវ។ នៅរយៈពេលចុងក្រោយនេះ ប្រទេសចិន នៅតែបន្តបញ្ជូននាវាចម្បាំងនិងយន្តហោះចម្បាំងចូលមកក្បែរដែនអាកាសរបស់កោះតៃវ៉ាន់ជាប្រចាំ ដោយក្រុងតៃប៉ិចាត់ទុកថាជាយុទ្ធសាស្រ្តបង្កើនការដាក់សម្ពាធរបស់ចិនមកលើកោះតៃវ៉ាន់៕






