ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ជាជើងខ្លាំងប្រចាំស្រុកគងពិសី ទាំងខាងវាយតប់ និងជួញដូរគ្រឿងញៀនយ៉ាងសកម្ មត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ធ្វើការឆ្មក់បង្ក្រាបបាន ដកហូតវត្ថុតាង ស្នាប់ដៃ និងសម្ភារៈជាច្រើនថែមទៀតផង កាលពីវេលាម៉ោង០៤ និង៤០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលំភូមិបាក់ក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់មន្ត្រីនគរបាល បាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនមុខសញ្ញាខាងលើនោះ គឺកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលស្រុក តាមមូលដ្ឋានស្មុគស្មាញ ស្រាប់តែប្រទះឃើញមុខសញ្ញាខាងលើ ដែលកម្លាំងនគរបាលតាមប្រមាញ់ និងតាមឃាត់ជាយូរណាស់មកហើយនោះ ក៏ឃាត់ខ្លួនបានមុខសញ្ញាខាងលើតែម្តង។
នគរបាលបន្តថា មុខសញ្ញាជើងខ្លាំងដែលឃាត់បាននោះ មានឈ្មោះ ហួន សុផល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាក់ករ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រោយពីកម្លាំងនគរបាលឃាត់ខ្លួន ឆែកឆេរ គឺដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាគ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់តូច ទូរស័ព្ទ០១គ្រឿង ស្នាប់ដៃចំនួន០១ និងសម្ភារៈវេចខ្ចប់គ្រឿងញៀន មួយចំនួនថែមទៀតផង។
នគរបាលស្រុកបន្តទៀតថា មុខសញ្ញាខាងលើដែលឃាត់បាននេះ គឺកម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ និងតាមដានអស់រយះពេលជាយូរណាស់មកហើយ ទើបតែប្រទះឃើញក៏ឃាត់ខ្លួនបាន។
បច្ចុប្បន្នមុខសញ្ញាខាងលើ រួមជាមួយវត្ថុតាងមានដូចជា គ្រឿងញៀន ស្នាប់ដៃ និងសម្ភារៈជាច្រើនទៀតផង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ អ៊ុ ណូន







