មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយស្រីលង្កា (DMC) បាននិយាយកាលពីថ្ងៃអង្គារថា ប្រជាជនស្រីលង្កាជិត ២សែន ៥ម៉ឺននាក់ត្រូវបានរងផលប៉ះពាល់ដោយកង្វះទឹកផឹកដោយសារតែគ្រោះរាំងស្ងួត។ DMC នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនបាននិយាយថា ខេត្តភាគខាងជើង និងភាគខាងកើតនៃប្រទេសគឺជាតំបន់ ដែលរងគ្រោះខ្លាំងជាងគេ។
ក្រុមប្រឹក្សាផ្គត់ផ្គង់ទឹក និងប្រព័ន្ធលូជាតិរបស់ប្រទេសស្រីលង្កា បានជំរុញឱ្យសាធារណជនប្រើប្រាស់ទឹកដោយសន្សំសំចៃ ខណៈ ដែលសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតបានធ្លាក់ចុះដល់៩ភាគរយ។
អ្នកគ្រប់គ្រងទូទៅនៃ ក្រុមប្រឹក្សាផ្គត់ផ្គង់ទឹក និងប្រព័ន្ធលូជាតិ បានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា អ្នកប្រើប្រាស់ទឹកបំពង់នៅស្រីលង្កាប្រើប្រាស់ប្រហែល ១២០លីត្រក្នុងមួយថ្ងៃ ប៉ុន្តែត្រូវការតែ ៤០លីត្រប៉ុណ្ណោះសម្រាប់ចម្អិនអាហារ និងផឹក។
នាយកដ្ឋានឧតុនិយមបាននិយាយថានឹងមិនមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ខែតុលា៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






