តាកែវ ៖ នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ២០១៨នេះដែរ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តតាកែវ ដែលដឹកនាំដោយលោក ប៉ោ លាងគង់ ប្រធានសាខា និងមន្ត្រីជំនាញមន្ទីរពាណិជ្ជកម្មខេត្ត បានចុះពិនិត្យលើមុខម្ហូបចំនួន ១៤មុខ នៅក្នុងផ្សារព្រៃល្វា ស្រុកព្រៃកប្បាស និងផ្សារអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ។
ដោយបានធ្វើការត្រួតពិនិត្យលើមុខម្ហូបទាំងនោះ គឺមន្ត្រីជំនាញកាំកុងត្រូលបានធ្វើតេសរកមើសារធាតុគីមីចំនួន ២មុខ គឺសារធាតុគីមីប៉ូរ៉ាក់ និងសារធាតុគីមី ហ្វូម៉ុលីន ជាលទ្ធផលយើងឃើញថាក្នុងមុខម្ហូបទាំង ១៤មុខខាងលើរួមមាន ស្លាបមាន់ សត្វគ្រួច ប្រហិត ប៉ាតេ បន្លែ ជ្រុក សាច់ក្រក និងមុខម្ហូបជាច្រើនទៀត គឺមិនមានសារធាតុគីមីអ្វីឡើយ ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវបានមានប្រសាសន៍ថា ពលរដ្ជាជាច្រើនបានយល់ដឹងកាន់តែ ច្បាស់ពីផលប៉ះពាល់សុខភាព ចំពោះការបរិភោគមុខម្ហូបដែលដាក់លក់នៅលើទីផ្សារ ជាពិសេសបន្លែផ្លែឈើ និងគ្រឿងឧបភោគបរិភោគ ហើយរយៈពេលជាច្រើនឆ្នាំមកនេះ មន្ត្រីជំនាញកាំកុងត្រូលបាន ត្រួតពិនិត្យ មុខម្ហូប បន្លែផ្លេឈើទាំងនោះ យ៉ាងសកម្ម មិនថាតែនៅលើទីផ្សារក្នុងស្រុកនោះទេ សម្បីតែនៅតាមតំបន់ច្រកព្រំដែននិមួយៗ ក៏មន្ត្រីជំនាញបានធ្វើការពិនិត្យជារៀងរាល់ថ្ងៃដែរ ។ សូត្រ សុផុន












