ខេត្តកំពង់ស្ពឺ៖ដោយមើលឃើញពីសកម្មភាពជិះម៉ូតូកែច្នៃនិងបន្ថែមសម្លេងរំខានដល់អ្នកធ្វើដំណើរ តាមដងផ្លូវនិងសមត្ថកិច្ច បង្កអសន្តិសុខនោះនៅថ្ងៃទី២៤ខែមេសាឆ្នាំ២០២០នេះ រដ្ឋបាលក្រុងចក្បារមនបានធ្វើការបង្ក្រាបក្មេងទំនើង (ស្ទាវៗ)យកមកធ្វើការអប់រំ មិនតែប៉ុណ្ណោះហៅម្ចាស់ម៉ូតូកែរច្នៃខុសលក្ខណៈបច្ចេកទេសចំនួន ១៩ គ្រឿង ដែលអាជ្ញាធរក្រុងច្បារមន សហការចាប់ឃាត់ទុកករណីធ្វើឲ្យបាត់សណ្តាប់ធ្នាប់ ពេលនេះត្រូវបានធ្វើកិច្ចសន្យាប្រគល់ជូនអាណាព្យាបាលវិញ។
លោក តាប់ លន ស្នងការរងទទួលបន្ទុកការងារសណ្តាប់ធ្នាប់ ចរាចរណ៍ផ្លូវគោក បានលើកឡើងថា សូមឱ្យអាណាព្យាបាលគ្រប់រូប ត្រូវខិតខំអប់រំណែនាំឲ្យកូនចៅប្រព្រឹត្តអំពើល្អ មិនត្រូវបង្ករភ័យខ្លាចដល់អ្នកដទៃ ជាពិសេសរំខានដល់ការរស់នៅរបស់អ្នកដទៃ ខណៈពេលធ្វើដំណើររួមគ្នា លើផ្លូវសាធារណៈ ។
ដោយម្ចាស់ម៉ូតូ មិនត្រូវដាក់ស៊ីម៉ាំងលឺខ្លាំងខុសពីទ្រង់ ទ្រាយដើម ជាហេតុធ្វើឲ្យរំខានធ្ងន់ធ្ងរដល់ដំណេកអ្នករស់នៅក្បែរផ្លូវជាតិ បង្កចលាចលសង្គម ខូចសណ្ដាប់ធ្នាប់សាធារណៈ។ល។
នៅចំពោះមុខអាជ្ញាធរ ជាចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាល និងអភិបាលក្រុង និងអាណាព្យាបាល ព្រមទាំងម្ចាស់ម៉ូតូកែច្នៃខុសលក្ខណៈបច្ចេកទេសទាំងអស់នោះ លោក តាប់ លន ស្នងការរងខេត្ត និងលោក ហុក ម៉ាឌី អភិបាលក្រុងច្បារមនបានប្ដេជ្ញារួមគ្នាថា÷
ម៉ូតូដែលប្រគល់ជូនថ្ងៃនេះ ក៏ដូចជាម៉ូតូផ្សេងទៀត បើលើកក្រោយទៀតកម្លាំងលោកចាប់ឃាត់បានក្នុងករណីដូចគ្នានេះ និងពិន័យធ្ងន់ធ្ងរដើម្បីឲ្យរាងចាល រួចបន្តធ្វើកិច្ចសន្យាជាលើកទី២ មុននឹងអនុញ្ញាតិឲ្យយកម៉ូតូខុសលក្ខណៈបច្ចេកទេសទាំងអស់នេះទៅប្រើប្រាស់វិញ ។
គួរបញ្ជាក់ថាម្ចាស់ម៉ូតូទាំង ១៩ គ្រឿង ក្រោយពីសមត្ថកិច្ចបានឃាត់ទុកមួយរយៈរួចមក ក៏អាជ្ញាធរអនុញ្ញាតឲ្យយកត្រឡប់ទៅប្រើប្រាស់វិញ លុះត្រាតែម្ចាស់ម៉ូតូទាំងអស់នោះធ្វើការដោះដូរ និងបំពាក់គ្រឿងដើមតាមប្រភេទម៉ូតូនីមួយៗផងដែរ ៕





