ឡុងដ៍៖ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ចក្រភពអង់គ្លេស (UK) បានកើនឡើង១០.១ ភាគរយ ក្នុងរយៈពេល១២ ខែ ដល់ខែកញ្ញា ឆ្នាំ២០២២ ពោលគឺកើនឡើងពី៩.៩ ភាគរយនៅក្នុងខែសីហា ហើយត្រលប់ទៅកម្រិតខ្ពស់កាលពីខែកក្កដាថ្មីៗនេះ។
ការិយាល័យស្ថិតិជាតិ (ONS) បាននិយាយកាលពីថ្ងៃពុធថា ផ្អែកលើមូលដ្ឋានប្រចាំខែ CPI បានកើនឡើង០.៥ភាគរយ នៅក្នុងខែកញ្ញាធៀបនឹងខែសីហា។
លោកដារេន ម៉ូហ្គេន (Darren Morgan) នាយកផ្នែកស្ថិតិសេដ្ឋកិច្ច បាននិយាយថា «ការកើនឡើងនេះត្រូវបានជំរុញដោយសារ ការកើនឡើងបន្ថែមទៀតនូវអាហារ ជាការកើនឡើងប្រចាំឆ្នាំដ៏ធំបំផុតក្នុងរយៈពេលជាង៤០ឆ្នាំខណៈដែលតម្លៃសណ្ឋាគារក៏បានកើនឡើងផងដែរ បន្ទាប់ពីការធ្លាក់ចុះនេះកាលពីឆ្នាំមុន»។
ស្ថាប័នស្ថិតិ ONS បាននិយាយថា តម្លៃអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុលបានកើនឡើង១៤.៦ភាគរយក្នុងរយៈពេល១២ខែ ដល់ខែកញ្ញា ដែលឈានដល់កម្រិតខ្ពស់រយៈពេល ៤២ ឆ្នាំ ដោយសារផលប៉ះពាល់កើនឡើងធំបំផុតបានមកពីនំប៉័ង និងធុញ្ញជាតិ ផលិតផលសាច់ និងទឹកដោះគោ ឈីស និងស៊ុត។ .
លោក សាម៉ូអែល ធូម (Samuel Tombs) ប្រធានសេដ្ឋវិទូចក្រភពអង់គ្លេសមកពីផេនធីអនម៉ាក្រូសេដ្ឋកិច្ច (Pantheon Macroeconomics) បាននិយាយថាតួលេខតម្លៃទំនិញប្រើប្រាស់នៅខែកញ្ញា រក្សាសម្ពាធលើធនាគារកណ្តាលអង់គ្លេស ហៅកាត់ថាBoE ដើម្បីដំឡើងអត្រាការប្រាក់យ៉ាងសំខាន់នៅក្នុងកិច្ចប្រជុំបន្ទាប់របស់ខ្លួននៅថ្ងៃទី៣ ខែវិច្ឆិកា បើទោះបីជាមានវិបត្តិសេដ្ឋកិច្ចក៏ដោយ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






