ថ្លែងក្នុងពិធីអបអរសាទរទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការពារកុមារពីផលិតផលថ្នាំជក់» កាលពីម្សិលម៉ិញ ឯកឧត្តមសាស្ត្រចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិត ផលថ្នាំជក់ បានអំពាវនាវដល់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាការពារកុមារ និងយុវជនពីផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិកឱ្យមានប្រសិទ្ធភាពដើម្បីការអភិវឌ្ឍមូលធនមនុស្សដ៏រឹងមាំដោយ
លោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ត្រាយអេស (Dr. Jaana Marianna Trias) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា មានប្រសាសន៏ថា ទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២៤ នេះ ក្រោមប្រធានបទ «ការពារកុមារពីផលិតផលថ្នាំជក់» ផ្តោតសំខាន់លើការលាតត្រដាងនូវយុទ្ធសាស្ត្ររបស់ឧស្សាហកម្មថ្នាំជក់ក្នុងការទាក់ទាញកុមារ និងយុវជនឱ្យប្រើប្រាស់ផលិតផលថ្នាំជក់ និងយកចិត្តទុកដាក់បន្ថែមទៀតការពារកុមារ និងយុវជនពីផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក។ ទិវាពិភពលោកគ្មានថ្នាំជក់ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលកំណត់ឡើងដោយអង្គការសុខភាពពិភពលោក ដែលបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីក្រើនរំលឹក អំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងររបស់ផលិតផលថ្នាំជក់មកលើសុខភាព សេដ្ឋកិច្ច បរិស្ថាន និងសង្គម ព្រមទាំងអំពាវនាវដល់រដ្ឋភាគីទាំងអស់ និងដៃគូពាក់ព័ន្ធ រួមគ្នាជំរុញការលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ និងទប់ស្កាត់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយពីការប្រើប្រាស់ផលិតផលថ្នាំជក់។
ឧស្សាហកម្មថ្នាំជក់បានកែប្រែទម្រង់ ថ្មីៗ របស់ផលិតផលថ្នាំជក់ដូចជាបង្កើត បារីអេឡិចត្រូនិក ផលិតផលអេចឈ៍ ធី ភី (HTPs) និងស៊ីស្សា (SISHA) ជាដើម ដែលមានច្រើនរូបរាង និងទំហំ និងមានជាង ១៥ ០០០រសជាតិ ដើម្បីទាក់ទាញកុមារ និងយុវជនឱ្យប្រើប្រាស់ ផលិតផលទាំងអស់នោះ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី អំពាវនាវទប់ស្កាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិច និងហាមឃាត់ការជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងសាធារណៈ។ ជាមួយគ្នានេះ ទប់ស្កាត់ការលក់ ចែកចាយ ឬប្រើប្រាស់បារីអេឡិចត្រូនិច និងសូមអំពាវនាវដល់យុវជន កុំសាកល្បងប្រើប្រាស់ផលិតផលថ្នាំជក់ ឬបារីអេឡិចត្រូនិក ទោះបីជាក្នុងទម្រង់ណាមួយក៏ដោយ។ លើសពីនេះ ក្រសួងសុខាភិបាលបានខិតខំបង្កើតសេវាផ្តល់ប្រឹក្សា លះបង់ទម្លាប់ជក់បារីនៅតាមមណ្ឌលសុខភាពដោយមានការជួយជំរុញពីមេភូមិ អាជ្ញាធរដែនដី ឱ្យអ្នកជក់ផលិតផលថ្នាំជក់មកប្រើប្រាស់សេវានៅមណ្ឌលសុខភាព ដើម្បីលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ដើម្បីបង្ការជំងឺមិនឆ្លងនៅទូទាំងប្រទេស។ ក្រសួងបានយកចិត្តទុកដាក់ទប់ស្កាត់ហានិភ័យសុខភាពនានា រួមទាំងការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមប្រជាជន ដូចជា ការអប់រំ ផ្សព្វផ្សាយ ផ្លាស់ប្តូរឥរិយាបថ ការដាក់ចេញនូវច្បាប់ ស្តីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីត្រួតពិនិត្យ ផលិផលថ្នាំជក់ និងការសហការជាមួយក្រសួងពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍ អាជ្ញាធរថ្នាក់ក្រោមជាតិ និងជំរុញការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ឱ្យមានប្រសិទ្ធភាព និងអប់រំ ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់៕ អ៊ួង សុភារុន






