រោងចក្រថាមពលកម្តៅជីវម៉ាសដំបូងគេនៅកម្ពុជា តម្លៃជិត៦លានដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីម្សិលម៉ិញ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS)។
ការបើកសម្ពោធរោងចក្រថាមពលកម្ដៅជីវម៉ាសដែលមានទីតាំងនៅទល់មុខរោងចក្រស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន ក្នុងការលើកកម្ពស់ពាក្យស្លោក ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ របស់ខ្លួន ពោលគឺជាការប្តេជ្ញាចិត្តឆ្ពោះទៅរកពិភពលោកដែលបំភាយឧស្ម័នកាបូនត្រឹមកម្រិតសូន្យ កាន់តែមានសមភាព និងភពផែនដីដែលកាន់តែប្រសើរឡើង។ នេះជាការបញ្ជាក់របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
រោងចក្រថាមពលកម្តៅជីវម៉ាសដែលមានតម្លៃ ៥,៨ លានដុល្លារអាមេរិកនេះនឹងប្រើប្រាស់អង្កាម ដែលនាំយកមកពីខេត្តព្រៃវែងដើម្បីដុតបង្កើតជាចំហាយដែលនឹងផ្គត់ផ្គង់ថាមពលកម្តៅកកើតឡើងវិញ ១០០% សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ តាមរយៈការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលកម្តៅជីវម៉ាស ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រំពឹងថានឹងកាត់បន្ថយការបំភាយឧស្ម័នកាបូន (ឧស្ម័នកាបូនិច) ដល់ទៅ ៦០% នៅក្នុងផលិត កម្មរបស់ខ្លួន។
ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា កម្ពុជាអាចឈានទៅមុខមួយជំហានបន្ថែមទៀតក្នុងការពិចារណា និងដោះ ស្រាយបញ្ហាប្រឈមនានាដែលកើតចេញពីបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ ថ្ងៃនេះ យើងបង្កើតឱកាសដ៏សំខាន់មួយសម្រាប់កម្ពុជាជាមួយនឹងការបើកដំណើរការរោងចក្រថាមពលជីវម៉ាសដែលទន្ទឹងរង់ចាំជាយូរមកហើយថានឹងផ្តល់ផ្លែផ្កាដល់ប្រទេសជាតិ។ នេះជាក្រុមហ៊ុនដែលមានការទទួល ខុសត្រូវចំពោះសង្គម និងជាអ្នកចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ការវិនិយោគរបស់ក្រុមហ៊ុន ហ៊ិននីគែន គឺជាផ្តល់ទំនុកចិត្តនិងភាពជឿជាក់មកលើកម្ពុជា និងការប្តេជ្ញាចិត្តក្នុងការវិនិយោគបន្ថែមទៀតក្នុងប្រទេសកម្ពុជា។ សូមរួមគ្នាបន្តដំណើរទៅមុខទៀតដើម្បីជំរុញអនាគតដ៏រីកចម្រើន ប្រកបដោយបរិយាបន្នផ្នែកសង្គម និងប្រកបដោយនិរន្តរភាពផ្នែកបរិស្ថានសម្រាប់យើងទាំងអស់គ្នា»។
សូមជម្រាបថា ក្រៅពីការបង្កើតការងារថ្មីនៅរោចក្រផ្ទាល់ រោងចក្រថាមពលកម្តៅជីវម៉ាសនេះក៏នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលធ្វើការងារពាក់ព័ន្ធនឹងសង្វាក់ផលិតកម្មស្រូវផងដែរ ដូចជារោងម៉ាស៊ីនកិនស្រូវ និងកសិករជាដើម។ ការប្រើប្រាស់អង្កាមធ្វើជាប្រភពថាម ពលកម្តៅនេះបានប្រែក្លាយកាកសំណល់កសិកម្មនិងសរីរាង្គដែលត្រូវបានបោះចោល ទៅជាប្រភពចំណូលបន្ថែមសម្រាប់សហគមន៍មូលដ្ឋាន។
លោក Samson Wong នាយកគ្រប់គ្រងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានថ្លែងថា ជាមួយនឹងការចាប់ផ្តើមដំណើរ ការរោងចក្រថាមពលកម្តៅជីវម៉ាសនេះ យើងសង្ឃឹមថានឹងបង្កើតឱ្យមានផលវិជ្ជមានបន្ថែមទៀត នៅក្នុងសហគមន៍ដែលយើងធ្វើការងារជាមួយ។ មហិច្ឆតា ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ របស់យើងបានបង្កប់យ៉ាងជ្រៅនៅក្នុងអាជីវ កម្មរបស់យើងអស់រយៈពេលជាច្រើផនឆ្នាំមកហើយ ហើយការបើកដំណើរ ការរោងចក្រថាមពលថ្មីនេះបង្ហាញឱ្យឃើញថា មហិច្ឆតានេះនឹងដឹកនាំយើងឱ្យដើរឆ្ពោះទៅមុខសម្រាប់មនុស្សជាច្រើនជំនាន់ទៅមុខទៀត»។
ការសាងសង់រោងចក្រថាមពលកម្តៅជីវម៉ាសនេះត្រូវបានបញ្ចប់ក្រោមការសហការជាមួយក្រុមហ៊ុន BECIS ដែលជាក្រុមហ៊ុនផ្តល់សេវាថាមពល (EaaS) ឈានមុខគេដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី។ កិច្ចសហការនេះធ្វើឡើងក្នុងរូបភាពជាកិច្ចព្រមព្រៀងទិញថាមពលក្នុងរយៈពេលវែង (PPA)។ ជីវឧស្ម័នដែលបញ្ចេញដោយរោងចក្រប្រព្រឹត្តិកម្មសំណល់រាវនេះ ក៏ត្រូវបានប្រើប្រាស់ជាថាមពលកម្តៅក្នុងប្រតិបត្តិការផលិតស្រាបៀររបស់ក្រុមហ៊ុនផងដែរ ក្នុងទម្រង់ជាថាមពលកកើតឡើងវិញ។ ចាប់ពីថ្ងៃនេះតទៅ ថាមពលកម្តៅដែលអាចកកើតឡើងវិញបាន ១០០% របស់ក្រុមហ៊ុន នឹងត្រូវបានផ្គត់ផ្គង់ដោយជីវឧស្ម័ន និងជីវម៉ាស៕
រូបភាពផេក ក្រសួងបរិស្ថាន






