សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដាំទៅដល់សិស្សដែលបញ្ចប់ការសិក្សាថា សូមកុំភ្លេចគុណឪពុកម្ដាយ និងលោកគ្រូ អ្នកគ្រូ ដោយថានេះជាតម្លៃរបស់មនុស្ស ទោះរៀនដល់ណាក៏ដោយ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រឹកថ្ងៃ០១ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានថ្លែងថា ក្នុងភាពជាមនុស្សត្រូវដឹងគុណជាតិមាតុភូមិ ហោចណាស់ក៏ចេះដឹងគុណ មាតាបិតា និងគ្រូបាអាចារ្យដែរ។
សម្តេចតេជោ បានណែនាំថា ទោះបីរៀនចប់ដល់ថ្នាក់ណាក៏ ក៏មិនត្រូវ មើលងាយ មើលស្រាលគ្រូរបស់ខ្លួន ដែលរៀនបានតិច ជាងខ្លួននោះដែរ ព្រោះដោយសារ តែពួកគាត់ហ្នឹងហើយទើបបញ្ជូនអ្នករាល់គ្នាជានិស្សិតមកដល់កន្លែងនេះ។ បើគ្មានគ្រូដឹកនៃពីដំបូងអ្នកក៏គ្មានថ្ងៃនេះដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រវិញ រួមមានថ្នាក់ បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សរុបចំនួន ៤,៦១៧នាក់ ក្នុងនោះនារី ១,២៨១ នាក់។ គិតចាប់តាំងពីឆ្នាំ១៩៨១ មកដល់បច្ចុប្បន្ននេះ និស្សិតបានបញ្ចប់ការ សិក្សាពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសរុប ១៤,៩៦៨នាក់ នារី ២,៨៦០នាក់។
អតីតនិស្សិតទាំងនោះបាននិងកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិ បាល និងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថ ភាពវិជ្ជាជីវៈខ្ពស់ មានឧត្តមភាព សេចក្តីថ្លៃថ្នូរ និងប្រកបដោយកិត្តិយស។
ឆ្នាំសិក្សា២០២២ -២០២៣ នេះ វិទ្យាស្ថានកំពុងបណ្ដុះបណ្ដាលនិស្សិតសរុប ៧,៨៦០នាក់ នារី ២,៥៦៨នាក់។
ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឆ្នាំ២០៣០ និងឆ្នាំ២០៥០ វិទ្យាស្ថានបានបន្តការខិតខំបន្ថែមទៀត ក្នុងការលើកកម្ពស់សមត្ថភាពស្ថាប័ន សមត្ថភាពក្នុងការបណ្តុះបណ្តាល និងស្រាវជ្រាវឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយបន្តពង្រឹងការអនុវត្តប្រព័ន្ធវាយតម្លៃគុណភាពអប់រំ ផ្ទៃក្នុងជាប្រចាំ និងបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅបរទេស និងសហការជាមួយបណ្តាញសាកលវិទ្យាល័យអន្តរជាតិនានា៕






