ខេត្ដកំពត ៖ រថយន្តលុចសុិស 330 របស់លោកវិជ្ជបណ្ឌិត ពេជ្រ ប៊ុនហាប់ ត្រូវបានរថយន្តក្រឡុងសុីម៉ង់បុកអោយដាច់កង់ផ្នែកខាងឆ្វេងម្ខាង បណ្ដាលអោយឆេះសន្ធោសន្ធៅ កាលពីវេលាម៉ោង 21យប់ ថ្ងៃទី22 នៅលើកំណាត់ផ្លូវជាតិលេខ31 ត្រង់ចំណុចភូមិព្រៃផ្ដៅ ភ្នំកុង ស្រុកអង្គជ័យ ខេត្តកំពត។
ពលរដ្ឋនៅកន្លែងកើតហេតុ បាននិយាយថា រថយន្តលុចសុិស 330នោះ ជិះតែម្នាក់ឯងទេ គឺត្រឡប់មកពីចូលរួមខួបកំណើតក្រុមសាច់ញាតិ នៅស្រុកអង្គជ័យ។ បន្ទាប់ពីពិសាអាហារួចរាល់ លោកវិជ្ជបណ្ឌិតរូបនោះ បានបើករថយន្តតែម្នាក់ឯងត្រឡប់មកផ្ទះ នៅផ្សាទូកមាសវិញ តែជាការអកុសល រថយន្តរបស់លោកត្រូវបានរថយន្តក្រឡុកសុីម៉ង់ បើកមកពីត្បូងទៅជើង បុកបណ្ដាលអោយដាច់កង់មុខខាងឆ្វេង ឆេះយ៉ាងលឿនបំផុត សល់តែគ្រោងឆ្អឹង។ ទោះជាបែបណា លោកវិជ្ជបណ្ឌិតអាយុ 38ឆ្នាំរូបនេះ ត្រូវបានពលរដ្ឋជាច្រើននាក់វាយទំលុះកញ្ជក់រថយន្ត យកមនុស្សចេញអោយផុតពីការស្លាប់។
ជនរងគ្រោះជាអ្នកបើករថយន្ត រងរបួសរលាក់ខ្លួនប្រាណខ្លាំង ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសថៃ។ លោក ទូច ចន្ធូ អធិការរងទទួលផែនសណ្ដាប់ធ្នាប់ចរាចរស្រុកអង្គជ័យ និយាយថា រថយន្តបង្កជាមួយរថយន្តលុចសុិសនោះ នគរបាលបានស្ទាក់ចាប់បានហើយ។ បច្ចុប្បន្នរថយន្តក្រឡុកសុីម៉ង់ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋានស្រុក រីឯរថយន្តលោកវិជ្ជបណ្ឌិត ទុកក្បែរជញ្ចើមផ្លូវជាតិលេខ31៕ កែវ ឆាត