រដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រៀបចំមហោស្រពចម្រៀងប្រពៃណីជនជាតិដើមភាគតិចសួយ លើកទី១ ឆ្នាំ២០២៣ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៣ នៅបណ្ណាល័យកំពង់ស្ពឺ ដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែច្បាស់អំពីតម្លៃនៃវប្បធម៌ជនជាតិដើមភាគតិចសួយ និងការចូលរួមអភិរក្ស និងអភិវឌ្ឍឱ្យកាន់តែសកម្មថែមទៀត។
លោកជំទាវ ឡុង បូណារេត អភិបាលរង បានលើកថាគោល បំណងនៃការរៀបចំមហោស្រព គឺដើម្បីជំរុញឱ្យប្រជាជន មហាជន ជាពិសេសយុវជនដែលជាសសរស្ដម្ភរបស់ប្រទេសជាតិ និងជាអ្នកបន្តវេនដើម្បី បង្កើនការស្រឡាញ់ បំផុសស្មារតីចូលរួមក្នុងការផ្ទេរ និងការទទួលយកនូវចំណេះ ជំនាញបច្ចេកទេសសិល្បៈវប្បធម៌ សំដៅលើកកម្ពស់ការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះនៅកម្ពុជាឱ្យបានស្ថិតស្ថេរ គង់វង្ស ដែលជាមូលដ្ឋាននៃសាមគ្គី ភាព ឯកភាពជាតិ សុខដុមរមនា និងភាពសុខសាន្តរបស់សង្គមជាតិ។
ពិសេសបង្កើនការចូលរួមក្នុងការបណ្តុះការអប់រំ ការសិក្សាស្រាវជ្រាវ ឈ្វេងយល់អំពីចំណេះដឹងសិល្បៈវប្បធម៌របស់ជនជាតិដើមភាគតិចសួយ ដើម្បីឱ្យយុវជនរបស់ខ្លួនបានយល់ពីឧត្តមប្រយោជន៍ដ៏មានសារៈ សំខាន់ក្នុងការផ្ទេរ និងទទួលយកនូវចំណេះជំនាញ និងចងក្រងរក្សាទុកឱ្យបានគង់វង្សល្អ នូវរាល់ឯកសារដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ។
ទន្ទឹមនឹងនោះក៏ បំផុសស្មារតីយុវជន ដែលជាអ្នកបន្តវេន ក្នុងការចូលរួមបង្កើតស្នាដៃថ្មីៗ ដែលមានគុណភាព រក្សាឱ្យបាននូវមូលដ្ឋានក្បួនខ្នាត និងលើកស្ទួយការប្រើប្រាស់សក្តានុពលវប្បធម៌របស់ខ្លួន ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងន័យដើម្បីបង្កើនការងារ និងកាលានុវត្តភាព សំដៅកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការហូរចូលឥតឈប់ឈរ នៃវប្បធម៌អវិជ្ជមានពីចរន្តសកលភាវូបនីយកម្ម។
ជំរុញឱ្យមានការចូលរួមរបស់យុវជនដែលជាជនជាតិដើមភាគតិចសួយ ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព និងសន្តិភាព ដោយមិនប្រកាន់នូវនិន្នាការនយោបាយ។ គោលបំណងជាសារវន្តនេះទៀតសោត គឺដើម្បីបំផុសចលនាមហាជនឱ្យចូលរួមគាំទ្រ និងលើកទឹកចិត្តក្នុងការរួមចំណែកថែរក្សាការពារ លើក កម្ពស់តម្លៃសិល្បៈវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់របស់ជនជាតិដើមភាគតិចសួយ ឱ្យកាន់តែមានភាពប្រសើរឡើង។
លោកជំទាវក៏បានសំណូមពរដល់មន្ទីរ ធ្វើយ៉ាងណាខិតខំបន្តរៀបចំមហោស្រពនេះឱ្យបានជាប្រចាំ ព្រមទាំងស្នើទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឱ្យមានការរៀបចំមហោស្រពសិល្បៈជនជាតិដើមភាគតិចទូទាំងប្រទេស។
គួរបញ្ជាក់ជូនថា មហោស្រពខាងលើ មានការចូលរួមពីក្រុមសិល្បៈជនជាតិដើមភាគតិចសួយចំនួន៦ក្រុមសរុប៧២រូប ដែលមកពីឃុំត្រពាំងជោ និងឃុំសង្កែស្រទប ស្រុកឱរ៉ាល់ ដោយក្រុមនីមួយៗទទួលបាននូវប័ណ្ណសរសើរ បាច់ផ្កានិងអមដោយថវិកាមួយចំនួន៕






