បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង បុគ្គលិកមន្ទីរអប់រំយុវជន និង កីឡាខេត្ត បន្ទាយមានជ័យ លោកគ្រូ អ្នកគ្រូ សរុបប្រមាណ ២១៩នាក់។
គោលបំណងនៃពិធីសំណេះសំណាលនេះ គឺដើម្បីផ្សព្វផ្សាយ និងជំរុញការអនុវត្តគោលនយោបាយគន្លឹះក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលកំណត់វិស័យអប់រំជាអាទិភាព ក៏ដូចជាវិធានគន្លឹះដើម្បីពង្រឹងគុណភាពអប់រំ ចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ដែលបានដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលរួមមាន៖ ១). ការពង្រឹងអភិបាលកិច្ចសាលារៀន ២). ការពិនិត្យ កែសម្រួល និងរៀបចំឡើងវិញនូវកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការពង្រឹង និងពង្រីកចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ៣). ការបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពរបស់សិស្សតាមរយៈការអនុវត្តកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួត ពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន ៤).ការជំរុញ និងលើកទឹកចិត្តដល់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការចូលរួមការងារអប់រំសិស្ស ដូចពាក្យស្លោក “ភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ”។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការអប់រំ គឺជាការវិនិយោគរយៈពេលយូរ ដែលអាចជួយឱ្យប្រជាជនកម្ពុជាចាកផុតពីភាពក្រីក្រ និងមានសមត្ថភាពចូលរួមពន្លឿនការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន តួយ៉ាងគរុសិស្សប្រមាណ ៧៥% ជាកូនអ្នកស្រែចម្ការមកពីស្រុកភូមិដាច់ស្រយាល ដែលបានខិតខំប្រឹងប្រែងរៀន សូត្រ ហើយប្រឡងជាប់ធ្វើគ្រូ ដែលខ្លះបានបន្តការសិក្សានៅទីក្រុងភ្នំពេញ និងខ្លះទៀតក៏បានទៅរៀនបន្តនៅបរទេស បាននាំមកនូវកិត្តិយស និងមោទនភាពជូនក្រុមគ្រួសារ និងសង្គម ជាតិ។
ដូច្នេះការពង្រឹងវិស័យអប់រំ គឺជាគន្លឹះនៃការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព ដែលទាមទារនូវការចូលរួមចំណែករបស់ប្រជាពលរដ្ឋដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ កសិករឆ្លាតវៃ អ្នកឯកទេសខាងផ្នែកឧស្សាហកម្ម និងពាណិជ្ជ កម្មជាដើម។ រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការលើកកម្ពស់គ្រូ បង្រៀន ដោយបានរៀបចំកែលម្អផែនការសកម្មភាពគោល នយោបាយគ្រូបង្រៀន តម្លើងប្រាក់បៀវត្សគ្រូបង្រៀន ពង្រឹងគុណវុឌ្ឍិគ្រូ ក៏ដូចជាសាងសង់អគារសិក្សាស្តង់ដា ពិនិត្យឡើងវិញកម្មវិធីសិក្សា និងសៀវភៅគោល ធ្វើអភិបាលកិច្ចសាលារៀន និងធ្វើកំណែទម្រង់ឧត្តមសិក្សា។
ក្នុងបុព្វហេតុពង្រឹងគុណភាពអប់រំនេះដែរ ក្រសួងបានដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូចំនួន ៥ សម្រាប់មត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា (ស្តង់ដាទី១)៖ លទ្ធផលសិក្សាសិស្ស (ស្តង់ដាទី២)៖ ការបង្រៀននិងរៀន (ស្តង់ដាទី៣)៖ ការចូលរួមរបស់សហគមន៍ (ស្តង់ដាទី៤)៖ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន (ស្តង់ដាទី៥) ៖ គណនេយ្យភាពរបស់សាលារៀន។ ទន្ទឹមនេះដែល ក្រសួងនឹងបន្តជំរុញលើកទឹកចិត្ត សាលារៀនទាំងអស់ទូទាំងប្រទែសឱ្យប្រឡងប្រជែងគ្នាដើម្បីសម្រេចស្តង់ដាប្រែក្លាយជាសាលារៀនគំរូ។ តាមរយៈការអនុវត្តស្តង់ដាសាលាគំរូនេះ ក្រសួងជឿជាក់ថានឹងអាចលើកកម្ពស់គុណភាពអប់រំ និងលទ្ធផលសិក្សាសិស្ស ក៏ដូចជាសម្រេចបានគោលដៅដែលចង់ឱ្យគ្រូបង្រៀននៅកម្ពុជាមានតម្លៃ និងកិត្តិយស ព្រមទាំងទទួលបាននូវការគោរពក្នុងសង្គម






