ម្តាយនិងកូនស្រីអាយុ៣ខែម្នាក់ បាត់បង់ជីវិតគួរឲ្យរន្ធត់ ឪពុកនិងកូនប្រុសអាយុ៨ឆ្នាំម្នាក់ រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបែកកង់។ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០ ក្រៅទីប្រជុំជននៅលើកំណាត់ផ្លូវជាតិលេខ៦ ខាងលិចស្ពានសាលាក្រៅប្រហែល២០០ម៉ែត ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយការងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា៖ជនរងគ្រោះអន្កបើកបររថយន្តឈ្មោះអឿ សំអាត ភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
រថយន្តម៉ាកសាំយ៉ុងពណ៌ ពណ៌សំបកឪឡឹក ពាក់ស្លាកស្វាយរៀង.2A5859 ធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើត ដឹកបន្លែ ផ្លែឈើ និងក្រុមគ្រួសារប្រពន្ធនិងកូន សរុបចំនួន៤នាក់ ពេលធ្វើដំណើរដល់ចំណុចកើតហេតុខាងលិចស្ពានសាលាក្រៅប្រហែល២០០ម៉ែត ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ រថយន្តបានបែកកង់ក្រោយផ្នែកខាងឆ្វេង បណ្តាលឲ្យរថយន្តេរចង្កូងមកខាងស្តាំដៃធ្លាក់ពីលើថ្នល់ក្រឡាប់ផ្ងាជើងឡើងលើ ។
លោកនាយការិយាល័យ បានបញ្ជាក់៖ជនរងគ្រោះដែលរងរបួសនិងស្លាប់ ជាក្រុមគ្រួសារអ្នកបើកបររថយន្តមានឈ្មោះ១/-អឿន សំអាត ភេទប្រុសអាយុ៣៤ឆ្នាំ,២/-ឈ្មោះអាត ស៊ីវហួរ ភេទប្រុសអាយុ៨ឆ្នាំ ទាំង២នាក់ឪពុកនិងកូនរងរបួសស្រាល,៣/-ឈ្មោះវុទ្ធី សូរិយា ភេទស្រីអាយុ២៨ឆ្នាំ របួសធ្ងន់ក្រោយមក ក៏បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ,៤/-ឈ្មោះអាត ស៊ីវមាន ភេទស្រីអាយុ៣ខែ ស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ក្រោយពីកើតហេតុកម្លាំងនគរបាលជំនាញខេត្ត បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួពិនិត្យ និងដឹកសពជនរងគ្រោះទៅគេហដ្ឋាននៃសពនៅភូមិអូរអំបិលសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ចំពោះមូលហេតុ ដឹកលើសចំណុះ រថយន្តបែកកង់ កើតមានគ្រោះថ្នាក់តែម្តង៕






