បើគិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គឺមានរយៈពេល ៦ខែគត ដែលរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ នៃនីតិកាលរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ខណៈ៦ខែមកនេះ សម្តេចធិបតី បានទាញយកផលប្រយោជន៍ជាច្រើនពីទំនាក់ទំនងអន្តរជាតិប្រកបដោយភាពផ្លែផ្កា រួមទាំងបានដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើនទៀតដើម្បីផលប្រយោជន៍រួមរបស់ជាតិ និងប្រជាជនផងដែរ ជាពិសេសគឺបានប្ដេជ្ញាចិត្តក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនជំនាញនិងការងារជូនប្រជាពល រដ្ឋជាដើម។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម យឿន យឿត ទីប្រឹក្សារបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម យឿន យឿត បានលើកឡើងថា តាមរយៈនៃការតាម ដានសកម្មភាពរបស់រាជរដ្ឋាភិ បាលថ្មី ដោយក្នុងរយៈ ពេល៦ខែមកនេះឯកឧត្តមមើលឃើញថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបំពេញទស្សនកិច្ចនៅក្រៅប្រទេសជាច្រើនលើក ហើយក្នុងអំឡុងបំពេញទស្សនកិច្ចនេះសម្តេចធិបតីបានជួបថ្នាក់ដឹកនាំប្រទេសមហាអំណាចនិងម្ចាស់ក្រុមហ៊ុនធំៗនៅលើពិភពលោកជាច្រើនផងដែរ។ រាល់កិច្ចជំនួប សម្តេចបានទាញយកផល ប្រយោជន៍ពីទំនាក់ទំនងអន្តរជាតិប្រកបដោយភាពផ្លែផ្កា និងទទួលបានលទ្ធផលធំហួសពីការស្មានខណៈក្នុងពេលបេសកកម្មនៅក្រៅប្រទេសនោះសម្ដេចធិបតីបានអនុវត្តន៍នូវការងារមួយចំនួនដូចជាការទូតសកម្ម, ការជ្រើសយកសេដ្ឋកិច្ចជាស្នូល នៃការទូត និងបានពន្លឺ និងបន្ទរសម្លេង នៃប្រទេសកម្ពុជា ក្នុងនាមជាអ្នកស្នេហាសន្តិភាព ប្រឆាំងនឹងសង្គ្រាមនៅលើឆាកអន្តរជាតិ ជាក់ស្តែងដូច ការបង្ហាញនូវជំហរលើឆាក អន្តរជាតិប្រឆាំងនឹងសង្រ្គាមនៅអ៊ុយក្រែនជាដើមនោះ។

ឯកឧត្តមយឿន យឿត បានបន្ថែមទៀតថា ក្នុងរយៈពេល៦ខែមកនេះ ឯកឧត្តម បានមើលឃើញថា នាយករដ្ឋមន្រ្តីវ័យក្មេងរបស់កម្ពុជា បានខិតខំយ៉ាងខ្លាំងក្នុងការពង្រឹង និងលើកកម្រិតនៃកិច្ចសហប្រតិបត្តិការ ជាមួយថ្នាក់ដឹកនាំប្រទេសជាមហាអំណាច ថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន ថ្នាក់តំបន់ និងអន្តរជាតិ ដើម្បីផលប្រយោជន៍នៃទំនាក់ទំនង។ ជាក់ស្តែងសម្តេចបានអញ្ជើញទៅចូលរួមកិច្ចប្រជុំសំខាន់ៗ និងទស្សនកិច្ចក្រៅប្រទេសជាច្រើនដង ក្នុងនោះមានប្រទេសឥណ្ឌូនេស៊ី ចិន អាមេរិក បារាំង ជប៉ុន អារ៉ាប៊ីសាអ៊ូឌីត វៀតណាម ស្វីស និងប្រទេសថៃ ហើយក្នុងបេសកកម្មទាំងនោះក្រៅពីជួបថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេស សម្ដេចធបតីក៏បានជួបជាមួយធុរជនបរទេសធំៗចម្រុះជាតិសាសន៍ ហើយរាល់កិច្ចជំនួបសម្តេចតែងតែបញ្ចុះបញ្ចូលពួកគេ ឲ្យមកធ្វើការវិនិយោគ ឬពង្រីកការវិនិយោគបន្ថែមនៅកម្ពុជាផងដែរ។ ទាក់ទងយុទ្ធសាស្រ្តក្នុងស្រុកវិញ នៅក្នុងរយៈពេល៦ខែនៃការដឹកនាំប្រទេសសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោមអវតានៃ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានប្រកាសប្ដេជ្ញាក្នុងការកាត់បន្ថយភាពក្រីក្រឲ្យចុះមកក្រោម១០ភាគរយ ឬក្នុងកម្រិតអប្បបរមា តាមរយៈការខិតខំអនុវត្តន៍នូវយុទ្ធសាស្ត្របញ្ចកោណទាំង៥ចំណុច និងការវិវឌ្ឍនៃកម្មវិធីគោលនយោបាយជាអទិភាពទាំង៦ចំណុច និងការឆ្ពោះទៅការសម្រេចជោគជ័យនូវគោលដៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ផងដែរ។
ឯកឧត្តម យឿន យឿត បានលើកឡើងទៀតថា ដូចអ្វីដែលបងប្អូនជនរួមជាតិទាំងអស់បានដឹង បានឮមកហើយ ដើម្បីសម្រេចនូវយុទ្ធសាស្រ្តនានាដើម្បីផលប្រយោជន៍ជាតិនោះ គឺចាំបាច់ត្រូវការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ រួមទាំងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណសំខាន់ៗទាំង៥ មានមូលធនមនុសន្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា និងការវិវឌ្ឍកម្មវិធីគោលនយោបាយជាអទិភាព ៦ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងមកនេះផងដែរ។

សូមបញ្ជាក់ថា កម្មវិធីនយោបាយជាអទិភាពទាំង៦ចំណុចរបស់រាជរដ្ឋាភិបាលទាំង៦ចំណុចនោះ រួមមានកម្មវិធី១. ការផ្ដល់ការថែទាំសុខភាព, កម្មវិធីទី២. ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, កម្មវិធីទី៣. ការធ្វើស្ថាបនូបនីយកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, កម្មវិធីទី៤. ការដាក់ចេញ និងជំរុញអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ, កម្មវិធីទី៥. ការដាក់ចេញនូវយន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទាននិងកម្មវិធីទី៦.ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់នៅទូទាំងប្រទេសជាដើម៕
អត្ថបទបាន ចក់






