(ខេត្តក្រចេះ,ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០)៖ លោកជំទាវកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច អញ្ជើញប្រារព្ធពិធីបួងសួងសុំ
សេចក្តីសុខ ព្រមទាំងប្រគេនស្គរ នឹងគង ដល់វត្តភ្នំសំបុក ស្រុកចិត្របុរខេត្តក្រចេះ នាព្រឹកថ្ងៃទី ៣០ ខែសីហា។
លោកជំទាវកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់គ្នានៅទូទាំងខេត្តក្រចេះ ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា ទោះបីជាកាលៈទេសៈណាក៏ដោយ គឺបាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយសង្គមជាតិ និងការអភិវឌ្ឍន៍លើគ្រប់វិស័យជូនជាតិមាតុភូមិ ជាពិសេសវិស័យសេដ្ឋកិច្ចតែម្តង ។
ក្រោមទស្សនវិស័យវែងឆ្ងាយ បានធ្វើជាស្នូលនៃសាមគ្គីភាពជាតិ ឯកភាពជាតិតែមួយ និងសន្តិភាព ហើយដឹកនាំប្រទេសឈានទៅមុខជានិច្ច តាមទិសដៅដ៏ត្រឹមត្រូវ និងបានបំពេញតួរនាទីដឹកនាំប្រទេសប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតដោយធានាគ្រប់ដំណើរការ នយោបាយ សេដ្ឋកិច្ច សង្គមជាតិ ប្រព្រឹត្តទៅយ៉ាងល្អ ធានាបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជនទូទាំងប្រទេស ។
ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាពរបស់ប្រទេសជាត់យើង ឲ្យបានផុលផុស និងគង់វង្សតទៅមុខជានិច្ច ។
ក្រោយពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងបួងសួងថ្វាយព្រះពរជ័យ សុំឲ្យប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ក៏ដូចជានៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខសន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូតរួចមក លោកជំទាវ ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ លោកយាយលោកពុទ្ធបរិស័ទទាំងអស់ ឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់ ពីជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩ ដោយបង្កើនការធ្វើអនាម័យដើម្បីសុខភាពរស់នៅឱ្យបានល្អ ជាពិសេសត្រូវពាក់ម៉ាស ឬក្រម៉ា និងត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំ ជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគ ។
និងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ៕
ដោយ៖ឡេង ស៊ាងឡាយ(កែសម្រួលដោយ មណ្ឌល កែវ





