តបតាមការអញ្ជើញរបស់ ឯកឧត្តម អាន់តូនីញ្ញូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម បូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ឯកឧត្តម សេបាស្ទៀន ភីណេរ៉ា អ៊ីឆែនិក ប្រធានាធិបតីស៊ីលី និងឯកឧត្តម ហ្សូហ្សេប៉េ កុងតេ នាយករដ្ឋមន្រ្តីអ៊ីតាលី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ» នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២០ តាមរយៈវីដេអូថតទុកជាមុន ដែលកិច្ចប្រជុំនេះរៀបចំឡើងដើម្បីប្រារព្ធខួបលើកទី៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។
កិច្ចប្រជុំកំពូលនេះ នឹងផ្តល់ជាវេទិកាមួយសម្រាប់ភាគីនានានៃអនុសញ្ញាក្របខណ្ឌអង្គការ សហប្រជាជាតិស្តីពីការប្រែ ប្រួលអាកាសធាតុ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តថ្មីប្រកប ដោយមហិច្ឆតា ដែលទាក់ទងនឹង
(១) ការប្តេជ្ញាចិត្តថ្មីនិងបន្ថែមទៀតនៃការចូលរួមរបស់ប្រទេសនីមួយៗ
(២) យុទ្ធសាស្រ្តរយៈពេលវែងក្នុងការដាក់ចេញទិសដៅទៅរកការបំភាយឧស្ម័នរហូតដល់កម្រិត សូន្យ
(៣) ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុពាក់ព័ន្ធនឹងអាកាសធាតុ និង
(៤) ផែន ការបញ្ចូលការប្តេជ្ញាចិត្តទៅក្នុងការដាក់ចេញគោល នយោ បាយនានា។
ថ្លែងនៅក្នុងសុន្ទរកថាប្រកបដោយអត្ថន័យ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងគូសបញ្ជាក់អំពី ផលប៉ះពាល់យ៉ាងធ្ងន់ ធ្ងរនៃការប្រែប្រួលអាកាសធាតុទៅលើការអភិវឌ្ឍសេដ្ឋកិច្ច- សង្គមរបស់ពិភពលោក ដែលទាមទារការដោះស្រាយតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ សម្តេចតេជោ នឹងលើក ឡើងផងដែរអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយមានវិធានការ និងយុទ្ធសាស្រ្តច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាព បើទោះបីជាកម្ពុជាមានចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សកលក្តី៕






