ខេត្តបាត់ដំបង ៖ ពលករខ្មែរចំនួន ៧នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប្រចាំការនៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឃាត់ខ្លួនបន្ទាប់ពីពួកគេបានឆ្លងដែនមកពីប្រទេសថៃ ហើយគេចវេះមិនធ្វើចត្តាឡីស័ក។
តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ ឯ.ឧ. ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបានដកស្រង់សេចក្តីរាយការណ៍របស់មន្ទីរព័ត៌មានខេត្តបាត់ដំបង។
ក្នុងចំណោមពលករខ្មែរឆ្លងដែនមកពីប្រទេសថៃ ចំនួន ៧នាក់នោះ មានស្រី ២នាក់ រួមទាំងក្មេងប្រុសម្នាក់។ ពួកគេត្រូវបានកម្លាំងអន្តរាគមន៍ឈរជើងតាមខ្សែបន្ទាត់ព្រំដែនក្នុងស្រុកសំពៅលូនខេត្តបាត់ដំបង ចំណុចប៉ុស្ថិ៍នគរបាលការពារព្រំដែនគោកលេខ៨១៧ (គីឡូ៩) ឃាត់ខ្លួនក្រោយគេចវេះមិនធ្វើចត្តាឡីស័ក ស្ថិតនៅភូមិរស្មី ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ ២០២១។
បច្ចុប្បន្នពលករទាំង ៧នាក់ត្រូវសមត្ថកិច្ចចម្រុះដឹកតាមរថយន្តបញ្ជូនទៅមណ្ឌលចត្តាឡឺស័ក ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយ៕






