សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញា តឲ្យ ឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី២៧ កញ្ញានេះ។
ភាគីទាំងពីរ បានធ្វើការផ្លាស់ប្ដូរទស្សនៈគ្នា ជុំវិញបញ្ហាតំបន់ និងសកលលោក ជាមួយនឹងដំណោះស្រាយមួយចំនួន។
ឯកឧត្តមបណ្ឌិតកៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឲ្យដឹង នៅក្រោយជំនួបថា ភាគីទាំង ពីរ បានសម្ដែងក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុប និងរវាងកម្ពុជា និងសហភាពអ៊ឺរ៉ុប។
ក្នុងន័យនេះ សម្តេចតេជោ បានបញ្ជាក់ថា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអនុស្សារីយអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងប៊្រុចសែល នាខែធ្នូខាងមុខ។
សម្ដេចតេជោ ក៏បញ្ជាក់ដែរថា ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំនេះ គឺជួបនូវបញ្ហាប្រឈមជាច្រើន មានបញ្ហាតំបន់ និងពិភពលោក តួរយ៉ាងដូចជាប្រទេសមីយ៉ាន់ម៉ាជាដើម។
ប៉ុន្តែទោះបីជាមានបញ្ហាប្រឈម និងការលំបាកយ៉ាងណា ក៏ដោយ សម្ដេច នឹងខិតខំ ដោះ ស្រាយនូវបញ្ហានានា។
ពាក់ព័ន្ធជាមួយបញ្ហាសមុទ្រចិនខាងត្បូង សម្ដេចតេជោ បានបញ្ជាក់ថា អ្វីដែលសម្ដេចតេជោ ចង់ឃើញគឺការបន្តអនុវត្តឱ្យបានពេញលេញនៅក្រមប្រតិបត្តិសមុទ្រចិនខាង ត្បូង DOC។ ជាពិសេស គឺខិតខំជំរុញការចរចា ដើម្បីឲ្យសម្រេចបាននៅក្រោមប្រតិបត្តិ COC នាពេលខាងមុខ សំដៅជំរុញកិច្ចសហប្រ តិបត្តិការរវាងអាស៊ាន និងចិនឲ្យកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប បានអរគុណចំពោះសម្ដេចតេជោ ដែលបានអញ្ជើញឯកឧត្តមមុខចូលរួមកិច្ចប្រជុំកំពូល នាខែវិច្ឆិកា នៅកម្ពុជា នាពេលខាង មុខ។
ឯកឧត្តម អរគុណសម្ដេច ចំពោះការផ្ដល់នូវទស្សនៈទានពីបញ្ហានានា ក្នុងតំបន់ និងពិភពលោក ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង ស្ថានភាពនៅមីយ៉ាន់ម៉ា និងសង្គ្រាមនៅអ៊ុយក្រែន។
ឯកឧត្តមបញ្ជាក់ថា ទំនាក់ទំនងរវាងអាស៊ាន និងសហភាពអឺរ៉ុបមានសារៈសំខាន់ ជាពិសេសគឺអ្វីដែលកំពុងប្រឈម និងមានការលំបាកយ៉ាងណា និងទស្សនៈដាច់ដោយឡែក ពីគ្នាក្តី ក៏ប៉ុន្តែភាគីទាំងពីរ បានខិតខំស្វែងរកមធ្យោ បាយ ដើម្បីដោះស្រាយ៕







