ភ្នំពេញ៖ អគារទីស្តីការក្រសួងមហាផ្ទៃថ្មីដ៏ធំស្កឹមស្កៃ តម្លៃជាង៦០លានដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកានេះ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុក អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ជាសក្ខីភាពឆ្លុះបញ្ចាំងពីសារៈសំខាន់នៃតួនាទីនិងភារកិច្ចរបស់ក្រសួងមហាផ្ទៃនៅក្នុងរាជរដ្ឋាភិបាលដែលជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាពិសេសការផ្តល់សេវារដ្ឋបាល និងការគាំពារសន្តិសុខសាធារណៈជូនដល់ប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ ក៏ដើរតួនាទីជាស្ពានផ្សារភ្ជាប់គោលនយោបាយថ្នាក់ជាតិ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលទៅជាការអនុវត្តដោយភាគច្រើន ធ្វើឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និងនៅជាប់ផ្ទាល់នូវបញ្ហាតាមមូល ដ្ឋាន។
ក្រសួងមហាផ្ទៃ បានដើរតួនាទីដ៏សំខាន់មួយទៀត ជាសេនាធិការរបស់រាជ រដ្ឋាភិបាលក្នុងការជំរុញឲ្យគោលនយោ បាយរបស់រាជរដ្ឋាភិបាលក្លាយទៅជាសកម្មភាពជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៏ថាអគារទីស្តីការក្រសួងមហាផ្ទៃថ្មី មានកំពស់ ៤៣.៥ម៉ែត្រ មានទំហំ១៥៣ម៉ែត្រគុណនឹង ៨៣ម៉ែត្រមានកម្ពស់៩ជាន់មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែលអាចផ្ទុករថយន្តបានចំនួន៣៣០គ្រឿង។
អគារនេះមានរាងជាចតុកោណព្នាយកែងស្មើជ្រុ និងជាសំណង់ស្ថាបត្យកម្មក្លាសិក រចនាប័ទ្មខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ តាមលំនាំប្រាសាទអង្គរវត្តកំពូលប្រាំ ដោយអនុលោមតាមគោលការណ៍សមមាត្រនៃ រូបរាងអគារនិងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព សក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើបថ្មី។
លើសពីនេះទៀតអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះមានសមត្ថភាពអាចផ្ទុកមនុស្សសរុបរហូតដល់ ៨.៥០០នាក់ ហើយមានមុខងារប្រើប្រាស់ជាអគាររដ្ឋបាលប្រមូលផ្តុំដែលមាន ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារផងដែរ៕






