ភ្នំពេញ៖ បច្ចុប្បន្នជំនាញមេកានិចរថយន្ត ឬជំនាញជួសជុលរថយន្ត ដែលជាជំនាញមួយលេចធ្លោក្នុងចំណោមជំនាញវិជ្ជាជីវៈផ្សេងទៀត ដោយជំនាញនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់យុវនារី ខណៈដែលមានតម្រូវការការងារខ្ពស់ និងប្រាក់ខែសមរម្យ។ លោក ស៊ឹម សុរិន្ទ នាយកវិទ្យាស្ថានបច្ចេក ទេស ហ្ស៊ី វ៉េ សេ (JVC) បានមានប្រសាសន៍ថា ជំនាញមេកានិចរថយន្ត ឬជំនាញជួសជុលរថយន្ត កំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់យុវនារី ដោយសារបច្ចុប្បន្ននេះមានតម្រូវការការងារក្នុងស្រុកខ្ពស់ និងប្រាក់ខែសមរម្យ។
លោកបន្តថា ជំនាញបច្ចេកទេសជួសជុលរថយន្ត ជាជំនាញដ៏មានសក្ដានុពលមួយ អ្នកដែលបានបញ្ចប់ជំនាញនេះភាគច្រើនមិនខ្វះការងារ ខណៈតួលេខនៃយានជំនិះកើនឡើងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកនាយកថា បច្ចុប្បន្ននៅទូទាំងប្រទេស សិស្សទាំងបុរស និងនារីភាគច្រើនដែលចេញពីសាលា JVC មានការងារធ្វើនៅតាមបណ្ដាក្រុមហ៊ុនរថយន្តល្បីៗក្នុងស្រុក និងហ្គារ៉ាស់ដែលបើកព្រោងព្រាធនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។ លោកបានសង្កេតឃើញកន្លងមក ជំនាញមេកានិចរថយន្ត គឺមានតែសិស្សប្រុសៗទេដែលចាប់អារម្មណ៍ច្រើនព្រោះជំនាញនេះទាមទាឲ្យមានការប្រឹងប្រែងអត់ធ្មត់ ប្រើកម្លាំងកាយ និងប្រឡាក់ដៃជើងច្រើន។
លោកបន្តថា ទោះបីជាយ៉ាងណា សិស្សនារីនាបច្ចុប្បន្ននេះវិញ ក៏មានការចាប់អារម្មណ៍ខ្លាំងមិនចាញ់បុរសដែរ ហើយពួកគាត់ក៏មានការតស៊ូ ប្រឹងប្រែង សិក្សារៀនសូត្រពីលោកគ្រូ អ្នកគ្រូយ៉ាងខ្លាំង ព្រមទាំងមានការចងចាំ និងស្មារតីល្អថែមទៀត។
លោកនាយកបញ្ជាក់ថា៖«នៅសាលា JVC សព្វថ្ងៃនេះ សិស្ស ជានារីចំនួន ២០នាក់មកពីតាមបណ្ដាខេត្តផ្សេងៗគ្នា ដែលជាតួលេខគួរឱ្យកត់សម្គាល់ ព្រោះកន្លងមកធ្លាប់មានតែបុរសៗទេដែលដាក់មករៀនច្រើន តែឥលូវពួកគាត់ជានារី ក៏មិនចាញ់បុរសដែរ។
យើងរំពឹងថា ចំនួនសិស្សនារីនឹងមានការកើនឡើងថែមទៀត តាមរយៈការកើនឡើងនៃតម្រូវការការងារដែលទាក់ទងទីផ្សាររថយន្តនៅក្នុងប្រទេសរបស់យើង»។ យុវតីមកពីខេត្តតាកែវ ជា មុន្នី អាយុ ២០ឆ្នាំ ជាសិស្សកំពុងសិក្សាជំនាញមេកានិចរថយន្តនៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេបាននិយាយថា កញ្ញាមានចំណាប់អារម្មណ៍ខ្លាំងក្នុងការរៀនជំនាញមេកានិចរថយន្ត ដោយសារតម្រូវការទីផ្សារខ្ពស់ និងប្រាក់ខែសមរម្យ។
យុវតីរូបនេះបន្តថា កញ្ញាបានសិក្សាចំនួន ៨ខែមកហើយ ខណៈដែលជំនាញមួយនេះត្រូវរៀនរយៈពេល២ឆ្នាំ។
ឆ្លងកាត់រយៈពេល ៨ខែនេះ កញ្ញាទទួលចំណេះដឹង និងបទពិសោធន៍ជាច្រើនពីលោកគ្រូ អ្នកគ្រូនៅ JVC ដោយសារពួកគាត់បានយកចិត្តទុកដាក់បង្ហាត់បង្រៀនទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់។
យុវតីរូបនេះបញ្ជាក់ថា៖«ខ្ញុំមានក្ដីស្រមៃចង់ក្លាយជាអ្នកជំនាញបច្ចេកទេសម៉ាស៊ីនរថយន្ត ហើយក៏ចង់ក្លាយជាអ្នកលក់ដូរគ្រឿងបន្លាស់រថយន្តដែរ។
ខ្ញុំសង្ឃឹមថា ក្ដីស្រមៃនេះនឹងទទួលបានជោគជ័យ និងជួយឱ្យជីវភាពគ្រួសាររបស់ខ្ញុំកាន់តែធូរធារថែមទៀត ហើយខ្ញុំក៏លើកទឹកចិត្តឱ្យយុវជនផ្សេងទៀត គួរតែដាក់ពាក្យរៀនជំនាញ ដើម្បីជួយក្រុមគ្រួសារ និងសង្គមជាតិយើង»៕






