(ខេត្តពោធិ៍សាត់,ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១)៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់, លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការស្តីទីនគរបាលខេត្ត និងលោកវរសេនីយ៍ឯក ញ៉ែម រដ្ឋា ស្នង ការរងផែនការងារភស្តុភារ និងហិរញ្ញវត្ថុ ព្រមទាំងសហការី បានអញ្ញើញ ចូលរួម ក្នុងពិធីសូត្រមន្ត សែនក្រុងពាលី បើកការដ្ឋានសាងសង់អគារ អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យថ្មី នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅទីតាំងដីបម្រុងទុករបស់សាលាស្រុក ស្ថិតនៅភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។
នៅក្នុងពិធីនេះ ក៏មានការចូលរួមពីលោក សំ ណារិទ្ធិអភិបាលស្រុក តាលោសែនជ័យ លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក មេបញ្ជាការ តំបន់ប្រតិបត្តការសឹករងស្រុក លោកអធិការ លោកអធិការង នាយ នាយរងប៉ុស្តិ៍ នាយ នាយរងផ្នែក និងមន្ត្រីនៃអធិការដ្ឋានជាច្រើនទៀត។
នៅក្នុងឱកាសនោះ លោកឧត្តមស្នងការស្តីទី ហៀង ស៊ីថា និងក្រុមការងារ ជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ក៏បានសំណូមពរសុំឲ្យលោក អភិបាលស្រុក និងអាជ្ញាធរស្រុកពាក់ពន្ធ័ ជួយជំរុញ និងសម្រប សម្រួល ឲ្យខាងជំនាញសុរិយោដីស្រុក ជួយធ្វើប្លង់កម្មសិទ្ធិជាលក្ខណៈប្រព័ន្ធ ជូនអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យឲ្យបានឆាប់រហ័សផង។
សូមបញ្ជាក់ថា ស្រុកតាលោសែនជ័យ គឺជាស្រុកដែលទើបនឹងបង្កើតថ្មី មានឃុំចំនួន២ ក្នុងនោះមានឃុំតាលោ ដែលកាត់ចេញពីស្រុកបាកាន និងឃុំផ្ទះរុង ដែលកាត់ចេញពីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ទីតាំងរដ្ឋបាលប្រមូលផ្តុំរបស់សាលាស្រុកតាលោសែនជ័យ នឹងត្រូវសាង សង់ឡើង នៅលើផ្ទៃដីបម្រុងទុករបស់រដ្ឋ ប្រមាណជាង៧០ហិកតារួមមាន រចនាសម្ព័ន្ធរូបវ័ន្ត ដែលសាងសង់ឡើងឱ្យមើលពីលើឃើញថា ក្នុងសម័យ តេជោសែន មានប្រព័ន្ធផ្លូវ ភ្លើង និងទឹក…ជាដើម។ល។
ការរៀបចំរដ្ឋបាលប្រមូលផ្តុំ របស់សាលាស្រុកតាលោសែនជ័យ គឺជាគំរូ មួយដ៏ល្អ សម្រាប់បណ្តាស្រុកដទៃទៀត ក្នុងការបម្រើសេវាសាធារណៈ ខិតគៀកឱ្យជិតដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីឱ្យមានភាពងាយស្រួល និងកាត់បន្ថយនូវពេលវេលា ក្នុងការមកទំនាក់ទំនង ជាពិសេសក៏ជា កន្លែងប្រមូលផ្តុំគ្រប់ស្ថាប័នអង្គភាព ចំណុះឱ្យរដ្ឋបាលស្រុកផងដែរ៕
ដោយ៖រំដួល(កែសម្រួលដោយ មណ្ឌល កែវ)






