ព្រៃវែង ៖ បើតាមការរៀបរាប់របស់ក្មួយស្រីម្នាក់ឈ្មោះ អ៊ួច ចន្ធូ អាយុ១៦ឆ្នាំ រៀនថ្នាក់ទី១០ រស់នៅជាមួយជីដូន ឈ្មោះ ស សុខ អាយុ៦៧ឆ្នាំ ក្នុងភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានរៀបរាប់ប្រាប់ភ្នាក់ងារទូរទស្សន៍អាសុីអាគ្នេយ៍ថា កាលពីវេលាម៉ោង១និង៣០នាទីយប់ ឈានចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ខណៈដែលនាងកំពុងដេកលង់លក់ ជាមួយជីដូននៅលើផ្ទះ បានឮសម្លេងជីដូនស្រែកឲ្យជួយ ពេលនោះនាងក៏ស្ទុះឡើងបើកភ្លើងបំភ្លឺទាំងលើផ្ទះ និងក្រោមផ្ទះ ស្រាប់តែឃើញមានជនសង្ស័យចំនួន៣នាក់ ម្នាក់នៅឈរខាងក្រោមផ្ទះ និងពីរនាក់ទៀតនៅលើផ្ទះ ប្រដាប់ដោយកាន់ កាំបិតកកុក និងព្រនុងបានគំរាមលោកយាយរបស់នាងរកលុយ។តែដោយសារជនទាំងបីនាក់នោះ នាងបានស្គាល់មុខ និងឈ្មោះទាំងអស់ នាងក៏ស្រែកអង្វរកំុឲ្យធ្វើបាបយាយរបស់នាង។
ប៉ុន្តែ ទោះបីជានាង និងលោកយាយរបស់ប្រឹងអង្វរលន់តួរថា មានតែលុយចំនួន១០មុឺនរៀល និងកាវិលទេ យកទៅកុំធ្វើ បាបនាងនិងលោកយាយ។ បន្ទាប់មកក្រុមជនសង្ស័យទាំងនោះ បានយកតែលុយចំនួន១០មុឺនរៀល មិនយកកាវិលទេ ហើយថែមទាំងបានយកកាំបិតទៅកាប់លោកយាយរបស់ខ្លួនចំក្បាលដាច់ហូរឈាម រួចហើយក្រុមជនសង្ស័យក៏បានដើរ ចូលទៅកាប់នាងទៀត តែត្រូវនាងលើកដៃរង បណ្តាលឲ្យរបួសដាច់បាក់កដៃខាងឆ្វេង ទើបពួកក្រុមជនសង្ស័យទាំងនោះ នាំគ្នាលោតចុះរត់គេចខ្លួនបាត់អស់ទៅ បានប្រហែលជា២០នាទី នាងក៏ស្រែកហៅអ្នកជិតខាងឲ្យជួយ។
នាងបន្តទៀតថា ពេលអ្នកជិតខាងមកដល់ ឃើញនាងកំពុងអង្គុយអោបយាយហូរឈាមពេញលើផ្ទះ នាងក៏បានរៀបរាប់ ប្រាប់ពីសកម្មភាពក្រុមចោរប្លន់ទាំងនោះ ទើបអ្នកភូមិ រួមជាមួយមេភូមិ បានរាយការណ៍ជូនទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ មូលដ្ធាន ចុះមកសួរនាំរូបនាង ។ ហើយនាងក៍បានប្រាប់ឈ្មោះ និងមុខសញ្ញាជនទាំង៣នាក់នោះដែលនាងបានស្គាល់។
ពេលនោះកម្លាំងសមត្ថកិច្ច ក៏បានចុះទៅស្រាវជ្រាវ ឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់ រួមមាន ៖
ទី១ឈ្មោះ ឈុន សក្តា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ជាជនដៃដល់អ្នកកាន់កាំបិតកាប់
ទី២ឈ្មោះ ហ៊ុន វិសាល ហៅលក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ជាអ្នកកាន់ព្រនុង ឈរនៅក្រោមផ្ទះ និង
ទី៣ឈ្មោះ សំ រ៉ាដូ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំប្រសាទ ស្រុកកំពុងត្របែក ជាអ្នកឡើងទៅលើផ្ទះដំបូងជាមួយឈ្មោះ ឈុន សក្តា គ្រាន់តែជាអ្នករួមគំនិត តែមិនបានធ្វើសកម្មភាពនោះទេ។
នាងបានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចក៏នាំយកមកប៉ុស្តិ៍ ដើម្បីសាកសួរ រួចបានបញ្ជូនរូបនាង និងលោកយាយរបស់នាងទៅព្យាបាលនៅមន្ទីរពេទ្យ។ ស្រាប់តែបញ្ជូនដល់ប៉ុស្តិ៍ថ្កូវ បែរជាសមត្ថកិច្ច បានដោះលែងឈ្មោះ សំ រ៉ាដូ ឲ្យមានសេរីនៅយប់កើតហេតុនោះតែម្តង ដោយធ្វើសំណុំរឿងបញ្ជូនតែឈ្មោះ ឈុន សក្កា និងឈ្មោះ ហ៊ុន វិសាល ហៅលក ទៅស្នងការស្រុក.ខេត្ត និងតុលាការតែប៉ុណ្ណោះ។
ករណីនេះអយុត្តិធ៌មសម្រាប់នាង និងលោកយាយរបស់នាងណាស់ ខណៈនាង និងលោកយាយរបស់នាង កំពុងសម្រាក ព្យាបាលរបួសមិនទាន់ដឹងថាយ៉ាងម៉េចផង បែរជានគរបាលប៉ុស្តិ៍ បានដោះលែងជនសង្ស័យម្នាក់ ឲ្យមានសេរីភាពទៅវិញ។
ដូច្នេះ គ្រួសារនាង ក៏សូមសំណូមពរដល់លោកស្នងការខេត្ត និងប្រព័ន្ធតុលាការខេត្តព្រៃវែង មេត្តាជួយធ្វើការសុើបអង្កេត រឿងនេះឡើងវិញ និងអំពាវនាវសូមឲ្យសប្បុរសជនជិតឆ្ងាយ មេត្តាជួយឧបត្ថម្ភថវិការតិចក្តីច្រើនក្តីតាមកម្លាំងទឹកចិត្ត សន្ធាជ្រះថ្លា ព្រោះគ្រួសារនាងកំពុងជួបការខ្វះខាតថវិកាព្យាបាលរបួសលោកយាយ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។
ពាក់ព័ន្ធករណីនេះ លោក សួន សំអឿន អធិការនគរបាលស្រុកកំពុងត្របែក បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះ ភ្លាម កម្លាំងនគរបាល ក៏បានរុះរាន់ចុះទៅធ្វើការស្រាវជ្រាវ ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ យកមក សាកសួរនៅប៉ុស្តិ៍រដ្ធបាលថ្កូវ ដើម្បីស្វែងយល់ពីសកម្មភាព និងវត្ថុតាងដាក់បន្ទុក ក្រោយពីសួរដំបូងជនទាំង៣នាក់នោះ បានបដិសេធតែដោយសារការខិតខំនគរបាល បានរកឃើញស្លាកស្នាមនៅលើខ្លួនជនល្មើសនៅលើខ្នង និងជើងឈ្មោះ ឈុន សក្តា និងឈ្មោះ ហ៊ុន វិសាល ដែលបញ្ជាក់ពីការប៉ះទង្គិច ពីការផ្លោះរបងឫស្សី ដោយមិនអាចប្រកែកបាន ទើប ជនល្មើស បានសារភាពថាខ្លួនបានសមគំនិតគ្នាមកប្លន់ផ្ទះជនរងគ្រោះ គឺតែ២នាក់ទេ ដោយឈ្មោះ សំ រ៉ាដូ មិនបានចូលរួម សកម្មភាពនេះទេ ទើបរាយការការណ៍ទៅស្នងការរងទទួលបន្ទុកឯកភាពអនុញាត្តិឲ្យត្រឡប់ទៅផ្ទះវិញ ដោយបញ្ជូនតែអ្នក ពាក់ពន្ធ័២នាក់ទៅខេត្ត។
លោកអធិការ បានបញ្ជាក់ថា កាលពីយើងចុះទៅសាកសួរដំបូង ជនរងគ្រោះឆ្លើយផ្សេង ដល់ឥឡូវនិយាយផ្សឹង។តែបើរឿងនេះពិតជាមានការពាក់ព័ន្ធនឹងជនសង្ស័យមែន មិនទាន់ហួសពេលទេ ព្រោះជនឈ្មោះ សំ រ៉ាដូ នេះនៅផ្ទះស្ថិត ក្រោមការតាមដានរបស់សមត្ថកិច្ចយើងទេ។
ដោយឡែក លោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង បានឲ្យដឹងដែរថាមិនជាអ្វីទេពាក់ព័ន្ធរឿងនេះ ព្រោះជនល្មើស២នាក់នៅក្នុងពន្ធធនាគារ រីឯអ្នកដែលត្រូវដោះលែង នៅនឹងឡើយទេ បើសិនជាស្រាវជ្រាវទៅរកឃើញថា មានពាក់ព័ន្ធល្មើសមែន យើងនឹងបន្តនីតិវិធី តែបើរកឃើញថាសមត្ថកិច្ចល្មើសមែន លោកនិងដាក់វិន័យតាមផ្លូវច្បាប់៕ សុឹម សាន់















