(ខេត្តបាត់ដំបង,ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១)៖អាជ្ញាធរខេត្តបាត់ដំបង បានឃាត់ខ្លួនពួកមេខ្យល់ដែលប្រព្រឹត្តបទលើ្មសលួចនាំពលករឆ្លងដែន ដោយខុសច្បាប់ទៅប្រទេសថៃជាង៥០នាក់តាំងពីដើមឆ្នាំ២០២១រហូតដល់ខែឧសភានេះ ហើយបញ្ជូនពួកគេទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លោកស្រី រស់ ជីវី ស្នងការរងនគបាលខេត្តបាត់ដំបងទទួលបន្ទុកការងារជួញដូរមនុស្ស បានឲ្យដឹងថាចាប់តាំងពីខែមករាដើមឆ្នាំ២០២១ដល់ថ្ងៃទី១១ខែឧសភានេះ សមត្ថកិច្ចខេត្តបាត់ដំបង បានសហការបង្រ្កាបការនាំមនុស្សឆ្លងដែនចេញនិងចូល រវាងប្រទេសថៃនិងកម្ពុជា ដោយខុសច្បាប់ចំនួន៣៤ករណី ឃាត់ខ្លួនពួកមេខ្យល់បានចំនួន៥៦នាក់(ស្រី៣នាក់)។
ចំណែកពលករចំនួន១២៥នាក់(ស្រី៥៥នាក់)និងអនីតិជន៥នាក់ ត្រូវបានអប់រំនិងយកទៅធ្វើចត្តាឡីស័កទាំង
អស់។បើប្រៀបធៀបចំនួនពលករដែលមេខ្សល់នាំចេញចូល ដោយខុសច្បាប់រវាងប្រទេសថៃនិងកម្ពុជាទាំង៣៤ករណីនេះ មានចំនួនប្រហាក់ប្រហែលគ្នា ហើយនៅដើមខែឧសភា។ ខណៈដែលពលករត្រឡប់មកពីប្រទេសថៃ រកឃើញមានវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់នោះ សមត្ថកិច្ចពាក់ព័ន្ធនៅតាមបណ្តាច្រកជាប់ព្រំដែនប្រទេសថៃ បានបង្កើននូវការប្រុងប្រយ័ត្នខ្លាំងជាងមុន។
លោកស្រី រស់ ជីវី ស្នងការរង បានបញ្ជាក់ថាអាជ្ញាធរ មិនឲ្យពលករត្រឡប់មកពីប្រទេសថៃ ចូលសហគមន៍ ដោយមិនបានត្រួតពិនិត្យនិងដាក់ឲ្យធ្វើ
ចត្តាឡីស័កនោះឡើយ។សមត្ថកិច្ចបានបង្រ្កាបក្រុមមេខ្យល់នាំពលករ លួចនាំពលករឆ្លងដែន ដោយខុសច្បាប់បញ្ជូនទៅកាន់តុលាការជាបន្តបន្ទាប់។
ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើស លួចនាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃនោះ សមត្ថកិច្ចការពារព្រំដែន កាលពីយប់ថ្ងៃទី១០ខែឧសភាឆ្នាំ២០២១ បានឃាត់ខ្លួមពួកមេខ្យល់ចំនួន៣នាក់ ដែលប្រុងនាំពលករចំនួន១៤នាក់ លួចឆ្លងដែនទៅថៃ ហើយអាជ្ញាធរបានបញ្ជូនខ្លួនពួកមេខ្យល់ទាំងអស់នោះ ទៅតុលការហើយដែរ។
បើតាមរបាយការណ៍ របស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង ចាប់ពីមានការផ្ទុះឆ្លងរាលដាលក្នុងសហគមន៍ខេត្តសាមុទសាខន ប្រទេសថៃ គិតត្រឹមថ្ងៃទី១១ខែឧសភាឆ្នាំ២០២១ មានពលករដែលត្រឡប់មកពីប្រទេសថៃ តាមច្រកនានាជាប់ខេត្តបាត់ដំបងមានចំនួន២ម៉ឺន២ពាន់១៦៨នាក់ ក្នុងនោះស្រ្តី (៩៦៤២នាក់)៕
ដោយ៖អ៊ុង សារុំ(កែសម្រួលដោយ មណ្ឌល កែវ)






