ឯកឧត្តម អ៊ាង សុផល្លែត ប្រធានប្រតិភូកម្ពុជា បានឱ្យដឹងថាៈ ក្នុងនាមជាប្រទេសស្ថាបនិក វិទ្យាស្ថានអភិវឌ្ឍន៍បៃតង សកល កម្ពុជា ពិតជាមានមោទនភាព កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ដែលសម្រេចបានកន្លងមក ហើយថ្លែងអំណរគុណ ចំពោះការចូលរួមរបស់វិទ្យាស្ថានអភិវឌ្ឍន៍ បៃតងសកល ក្នុងចូលរួមចំណែក ក្នុងការលើក កម្ពស់ការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចបៃតង នៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ អំពីគោលនយោបាយអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងបានរំលេចអំពី ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលទើបធ្វើវិសោធនកម្ម នៅឆ្នាំ២០២១ ដែលជំរុញលើកកម្ពស់ ការអភិវឌ្ឍបច្ចេកវិទ្យា និងការវិនិយោគបៃតង។
ទាក់ទិនក្នុងរឿងនេះដែរ លោកប្រធានប្រតិភូកម្ពុជា បានថ្លែងដោយធ្វើការរំលេច នូវគម្រោងមួយចំនួន រួមទាំងការអភិវឌ្ឍធនធានមនុស្ស លើវិស័យថាមពលអ៊ីដ្រូសែនបៃតង ការអភិវឌ្ឍសហគមន៍គ្មានការបញ្ចេញកាបូន ការផលិតថង់ពីសារធាតុ ដែលងាយរលាយ (Biodegradable plastic) ជំនួសថង់ប្លាស្ទិក ដែលនៅកម្ពុជា សម្បូរនូវវត្ថុធាតុដើមស្រាប់ និងគម្រោងដទៃទៀត ដែលវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល អាចពិនិត្យ ពិចារណាចូលរួម ចំណែកក្នុងដំណើរការអភិវឌ្ឍ បៃតងរបស់កម្ពុជា។
សូមបញ្ជាក់ថា ប្រតិភូកម្ពុជាដែលដឹកនាំ ដោយលោករដ្ឋលេខាធិការ រួមមាន លោកអគ្គនាយក និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន គោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួង បរិស្ថាន សម្រាប់កម្មវិធីសប្តាហ៍អភិវឌ្ឍន៍បៃតងសកល ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បាននិងកំពុងចូលរួមព្រឹត្តិការណ៍អមនានា និងកិច្ចប្រជុំ រួមមាន ១.កិច្ចប្រជុំពេញអង្គលើកទី១១ និងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី១៥ នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតង សកល ២.កិច្ចប្រជុំទ្វេភាគីជាមួយថ្នាក់ដឹកនាំវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ៣. ព្រឹត្តិការណ៍អមស្តីពី «ដំណើរឆ្ពោះទៅកាន់ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ នៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ នៅកម្ពុជា» ជាដើម ៕






