«នៅក្នុងថ្នាក់អន្តរជាតិ គេគិតរួចហើយ គឺវ៉ាក់សាំងដែលនឹងទទួលបានគឺ « COVAC Facility » ហើយបើយោងតាមអ្នកដែលសម្របសម្រួល ទទួលខុសត្រូវលើវ៉ាក់សាំងនេះ គឺប្រទេសកម្ពុជាយើង ប្រហែលជាគេអាចផ្តល់ជូនក្នុងរង្វង់ ៣ភាគរយ នៃចំនួនប្រជាជនសរុប គឺបានខ្ទង់ប្រមាណជាជាង ៣ លាននាក់»។ លោកស្រីថ្លែងថា «វាមិនមែនតែសម្រាប់បែងចែកតែមកក្នុងប្រទេសកម្ពុជាយើងទេ តែត្រូវបែងចែកនៅទូទាំងសកលលោក។
អ៊ីចឹង វាត្រូវមានការបែងចែកមួយដោយស្មើភាពគ្នា ហើយមានសិទ្ធិស្មើគ្នានៅក្នុងការទទួលបាននូវវ៉ាក់សាំងកូវីដ-១៩ នេះ»។
នេះបើតាមការបញ្ជាក់របស់ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ខណៈលោកស្រីចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ។
លោកស្រីបន្តថា យ៉ាងណាក៏ដោយ ក្នុងចំណោម ៣ភាគរយដែលកម្ពូជានឹងអាចទទួលបាននោះ មិនអាចបញ្ជូនមកម្តងទាំង ៣ភាគរយនោះទេ អាចនឹងមានការបែងចែកជាដំណាក់ៗ ដោយសារផលិតភាពនៃវ៉ាក់សាំងនេះ នៅមានកម្រិតនៅឡើយ។
គួរជម្រាបថា ថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) អង្គការ ហ្គាវី (GAVI) និងកម្មវិធីជាតិចាក់ថ្នាំបង្ការរបស់ក្រសួងសុខាភិបាលបានមូលមតិគ្នា ដើម្បីរៀបចំធ្វើផែនការអភិវឌ្ឍន៍នូវផែនការមួយដែលហៅថា Deployment Plan សម្រាប់ធ្វើការពិនិត្យមើល គ្រប់គ្រង ការបែងចែករួមគ្នា និងការមើលថា តើក្រុមណាដែលត្រូវទទួលនូវវ៉ាក់សាំងមុនគេ៕






