
កូរ៉េខាងជើង បានធ្វើតេស្តមីស៊ីលផ្លោងរយៈចម្ងាយមធ្យម នៅព្រឹកថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៤នេះ ដោយបានបាញ់ចេញពីតំបន់ព្យុងយ៉ាង ចូលទៅក្នុងសមុទ្រខាងកើត ដោយសំដៅទៅលើសមុទ្រជប៉ុន។ បើតាមយោធាក្រុងសេអ៊ូលបាននិយាយថា នេះជាការសាកល្បងអាវុធដែលត្រូវបានហាមប្រាមចុងក្រោយបំផុត ដោយរបបលោកគីម ជុងអ៊ុនប្រធានាធិបតីកូរ៉េខាងជើងនៅក្នុងឆ្នាំនេះ។ ពោល ការបាញ់បង្ហោះនៅថ្ងៃអង្គារនេះ គឺជាការសាកល្បងមីស៊ីលផ្លោងលើកទី៣ ក្នុងឆ្នាំ ២០២៤។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង(JCS) បាននិយាយថា មីស៊ីលនេះ ហោះបានចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រ មុនពេលធ្លាក់ ដោយបន្ថែមថា ខ្លួនបានបង្កើនការត្រួតពិនិត្យ និងចែករំ លែក ព័ត៌មានពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងជប៉ុន។ JCS បានថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពបង្ករឿងរបស់កូរ៉េខាងជើង ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។
ការបាញ់បង្ហោះនៅថ្ងៃអង្គារនេះ ទំនងជាពាក់ព័ន្ធនឹងក្បាលគ្រាប់ដែលមានល្បឿនលឿនជាងសំឡេង។ មន្ត្រីរូបនេះបាននិយាយថា កូរ៉េខាងជើងទំនងជាបានបំពាក់ក្បាលគ្រាប់លឿនជាងសំឡេង នៅលើប្រព័ន្ធបញ្ជូនដែលប្រើនៅក្នុងការធ្វើតេស្តម៉ាស៊ីនកាលពីខែមុន។យោងតាមទូរទស្សន៍ជប៉ុន NHK ដែលដកស្រង់ប្រភពរដ្ឋាភិបាលមិនបញ្ចេញឈ្មោះ បានរាយការណ៍ថា មីស៊ីលនេះហាក់ដូចជា បានធ្លាក់ក្នុងទឹកនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រាប់អ្នកយកព័ត៌មានថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងម្តងហើយម្តងទៀតនៅឆ្នាំនេះ ដោយបន្ថែមថា វាជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និង មិនអាចទទួលយកបានជាដាច់ខាត៕
