
ប្រជាពលរដ្ឋ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិក្បិតចង្អូរខ្នា នៅក្នុងឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានសំដែងសេចក្តីត្រេកអរ និងបានបង្ហាញពីការពង្រឹងបានការអភិរក្សប្រពៃណីជាតិ ជាពិសេសប្រពៃណីជនជាតិដើមភាគតិច«កួយ» ដែលរស់នៅភាគច្រើនក្នុងតំបន់ ព្រមទាំងអាចបង្កើតបានមុខរបរចិញ្ចឹមជីវិតថ្មីបន្ថែមទៀត។
បន្ទាប់ពីបានបញ្ចប់វគ្គសិក្សាផ្នែកភ្លេងប្រពៃណី រយៈពេល៣ខែ ពីអ្នកជំនាញភ្លេងបុរាណនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តកំពង់ធំ សមាជិកសហគមន៍តំបន់ការពារធម្មជាតិក្បិតចង្អូរខ្នា ទទួលបានការឧបត្ថម្ភជាឧបករណ៍ភ្លេងខ្មែរ១ឈុត ពីក្រសួង បរិស្ថាន តាមរយៈគម្រោងពិព័រណ៍សហគមន៍បន្ថែមទៀត។
លោក ហ៊ាន ហៀក តំណាងក្រុមភ្លេងបុរាណ នៃសហគមន៍តំបន់ការពារធម្មជាតិក្បិតចង្អូរខ្នា បានឱ្យដឹងថា ការជួយ ឧបត្ថម្ភគាំទ្រ នូវឧបករណ៍ភ្លេងបុរាណរបស់គម្រោងរបស់ក្រសួងបរិស្ថាន នាពេលកន្លងទៅ ដល់ប្រជាពលរដ្ឋជនជាតិដើមភាគតិច បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា អភិរក្សភ្លេងប្រពៃណីបុរាណ ខណៈដែលពួកគាត់ មានការព្រួយបារម្ភខ្លាចបាត់បង់។
លោកបន្ថែមថា ការចេះជំនាញលេងភ្លេងបុរាណ គឺជាការបន្ថែមនូវរបរមួយទៀត សំរាប់ជាចំណូលក្នុងគ្រួសារ តាមរយៈការចេញទៅប្រគុំតាមបណ្តាកម្មវិធីផ្សេងៗនៅតាមមូលដ្ឋាន។
លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ នៃគម្រោងពិព័រណ៍សហគមន៍ បានលើកឡើងថា ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ នៅក្នុងតំបន់ការពារធម្មជាតិ ឲ្យមានជីវភាពល្អប្រសើរ រស់ នៅដោយសេចក្តីថ្លៃថ្នូរ និងមានសុភមង្គល ហើយមានមុរបរជាជម្រើសថ្មីៗ បន្ថែមទៀតក្រៅពីការអាស្រ័យផល ទៅលើការចូលព្រៃប្រមូលអនុផលព្រៃឈើ។
ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារ ធម្មជាតិ ត្រូវមានជំនាញបន្ថែមទៀត ដើម្បីរកប្រាក់ចំណូ លយកមកចិញ្ចឹមជីវិត និងអាចមានថវិកាសំរាប់ផ្គត់ផ្គង់ទៅលើការសិក្សារបស់កូនៗ បន្ថែមទៀត។
លោកជំទាវ បានបន្ថែមថា ទាំងអស់នេះហើយគឺជាការគិតគូររបស់ ក្រសួងបរិស្ថាន ជុំវិញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា។
លោកជំទាវ បានលើកឡើងថា គម្រោងពិព័រណ៍សហគម ន៍ បង្កើតឡើងតាំងពីខែមេសា ឆ្នាំ២០២០ ក្នុងគោលបំណង សំដៅឆ្ពោះទៅធ្វើការថែរក្សា ការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឱ្យមាននិរន្តរភាព តាមរយៈការធ្វើពិពិធកម្មមុខរបរ ក្នុងកំរិតសហគមន៍មូលដ្ឋាន ក្នុងគោលដៅលើក កម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅទីនោះ ឱ្យមានជីវភាពល្អប្រសើរឡើង។
សូមបញ្ជាក់ថា គិតរហូតមកដល់បច្ចុប្បន្ននេះមានសហគម ន៍តំបន់ការពារធម្មជាតិ ចំនួន១៩០ ក្នុងចំ ណោមនោះ ខេត្តកំពង់ធំ មានសហគមន៍តំបន់ការពារ ធម្មជាតិ សរុបចំនួន១៧ ដែលសហគមន៍មួយចំនួន មានបងប្អូនជនជាតិដើមរស់នៅទីនោះផងដែរ។
គម្រោងពិព័រណ៍សហគមន៍របស់ក្រសួងបរិស្ថាន បានចុះស្រង់ទិន្នន័យព័ត៌មាន ជួបពិគ្រោះយោបល់ជាមួយប្រជាសហគមន៍ទាំង១៧ នៅក្នុងខេត្តកំពង់ធំ ពីតម្រូវការពិតប្រាកដ របស់ពួកគាត់ ដើម្បីជួយបង្កើតនូវមុខរបរថ្មីៗ អាចរកចំណូលសម្រាប់ជីវភាពគ្រួសារកាន់តែប្រសើរ។
តាមរយៈគម្រោងពិព័រណ៍សហគមន៍ ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ បានសម្រេចជ្រើសរើសយកមុខរបរចំនួន៩ ដើម្បីធ្វើការអភិវឌ្ឍជីវភាពរស់នៅ របស់ពួកគាត់ ដែលភាគ ច្រើនបានជ្រើសរើសយកការអភិវឌ្ឍមុខរបរផ្នែកកសិកម្ម មានដូចជា ការចិញ្ចឹមសត្វ ការដាំដុះ និងការព្យាបាលជម្ងឺសត្វ ឬពេទ្យសត្វជាដើម៕









