ចិននឹងបន្តគាំទ្រកម្ពុជា កសាងសហគមន៍ ជោគវាសនារួមចិន- កម្ពុជា ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ហើយនឹងបន្តពួតដៃជាមួយកម្ពុជា ជាកម្លាំងអភិវឌ្ឍន៍ដែលចូលរួមចំណែកក្នុងការរក្សាសន្តិភាពពិភពលោក។ ការបញ្ជាក់នេះ គឺធ្វើឡើងក្នុងឱកាសជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបនោះ សម្តេចតេជោ បានអញ្ជើញឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង មកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាថ្មីម្តងទៀតនៅកម្ពុជា ដើម្បី ឯកឧត្តម បានឃើញនូវសមិទ្ធផលយ៉ាងច្រើននៅកម្ពុជា ធៀបនឹងទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម កាលពីឆ្នាំ២០១៦។
ក្នុងទំនាក់ទំនងទ្វេភាគី សម្តេចតេជោ បានអរគុណរដ្ឋាភិបាល គណបក្សកុម្មុយនីស្តចិន ដែលបានជួយគ្រប់យ៉ាងដល់កម្ពុជា ដូចជា ការផ្គត់ផ្គង់វ៉ាក់សាំងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩ ដែលបានផ្តល់លទ្ធភាពឱ្យកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍ទប់ស្កាត់ជំងឺកូវីដ ១៩ បានល្អប្រសើរ ឈានទៅស្តារសេដ្ឋកិច្ច និងបើកប្រទេសឡើងវិញយ៉ាងឆាប់រហ័ស។
សម្តេចតេជោ បានលើកឡើងផងដែរអំពីការពង្រឹងទំនាក់ទំនងជឿជាក់ និងទំនុក ចិត្តខាងនយោបាយ ដោយបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិ បត្តិការរវាងបក្ស និងបក្ស និងរវាងរដ្ឋទាំងពីរ។
សម្តេចតេជោ បានស្នើសុំមិត្តចិនបន្តផ្តល់ជំនួយឥតសំណង កម្ចីឥណទាន ជំរុញការវិនិយោគ ដែលមិនត្រឹមតែចូលរួមដល់ការអភិវឌ្ឍសេដកិច្ច-សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជាផងដែរ។
សម្តេចតេជោ បានស្នើបន្ថែមថា ចិន និងកម្ពុជា៖ (១) បន្តពង្រឹងកិច្ចសហប្រ តិបត្តិការសន្តិសុខ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការឆបោក ការបង្រ្កាបបទល្មើសល្បែងអនឡាញ …។
ល។
, (២) បន្តពង្រឹងទំនាក់ទំនងរវាងបក្ស និងបក្ស ជាពិសេ សទំនាក់ទំនងរវាងចលនាមហាជន និងគណៈទាក់ទងបរទេស។ តាមបទពិសោធរបស់សម្តេចតេជោ ការស្គាល់គ្នាដែលចាប់ផ្តើមពីយុវជន និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន គឺមានអត្ថប្រយោជន៍ ក្នុងការពង្រឹងទំនាក់ទំនងរវាងគណបក្សទាំងពីរទៅអនាគត និង (៣) បន្តពង្រឹងទំនាក់ទំនងកិច្ចការបរទេស ជាពិសេសក្នុងវេទិកាតំបន់ និងអន្តរជាតិ។
ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានឯកភាពចំពោះការវាយ តម្លៃទំនាក់ទំនង កម្ពុជា-ចិន របស់សម្តេចតេជោ។
ឯកឧត្តម ស៊ី ជីនពីង ក៏បានលើកឡើងថាប្រទេសចិន និងកម្ពុជា នឹងបន្តពង្រឹង ការគាំទ្រគ្នាទៅវិញទៅមក ក្នុងនាមជាមិត្តដែកថែប ដើម្បីការពារផលប្រយោជន៍ស្នូលនៃប្រទេសទាំងពីរ ក្នុងស្ថានការណ៍អន្តរជាតិដែលមានការប្រែប្រួលយ៉ាងលឿន និងស្មុគ ស្មាញ។
ចិននឹងបន្តគាំទ្រកម្ពុជា កសាងសហគមន៍ ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកប ដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់ នឹងបន្តពួតដៃជាមួយកម្ពុជា ជាកម្លាំងអភិវឌ្ឍន៍ដែលចូលរួមចំណែកក្នុងការរក្សាសន្តិភាពពិភពលោក។
ឯកឧត្តម ស៊ី ជីនពីង ក៏បានលើកឡើងអំពីការផ្លាស់ប្តូរទស្សនៈ និងបទពិសោធក្នុងការកសាងគណបក្សរៀងៗខ្លួន និងបានគូសបញ្ជាក់ថា គណបក្ស ប្រជាជនកម្ពុជា មានភាពរឹងមាំដោយសារសម្តេចតេជោ រីឯគណបក្សកុម្មុយនីស្តចិន ក៏បានធ្វើការពង្រឹងគណបក្សឱ្យកាន់តែរឹងមាំឡើងជាលំដាប់ផងដែរ។
ឯកឧត្តម បានបន្ថែមថា ប្រទេសចិន និងកម្ពុជា ត្រូវចាប់យកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះថ្មី នៅក្នុងក្របខ័ណ្ឌនៃកំណែទម្រង់ និងអភិវឌ្ឍបែបថ្មីនៃការសម្រេចការកសាងសហគមន៍ជោគវាសនារួម ការអនុវត្ត កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការកសាងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ។
ឯកឧត្តម ស៊ី ជីនពីង ក៏បានជំរុញការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ច-កោណរបស់រាជរដ្ឋាភិ បាលអណត្តិថ្មី។
ឯកឧត្តម ស៊ី ជីនពីង មានក្តីសប្បាយរីករាយ ដែលកម្ពុជាសម្រេចបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
ជាមួយគ្នានេះដែរ កម្ពុជា-ចិន នឹងបន្តការ ផ្លាស់ប្តូរប្រជាជនឱ្យកាន់តែជិតស្និទ្ធ ដោយកម្ពុជាជា គោលដៅពេញនិយមសម្រាប់ទេសចរចិន។
ឯកឧត្តម ស៊ី ជីនពីង បានបន្ថែមថា កម្ពុជា-ចិនមានទំនុកចិត្ត ទៅវិញទៅមក ក្នុងការដោះស្រាយភាព ស្មុគស្មាញនៃស្ថានការណ៍អន្តរជាតិ ហើយភាគីចិនគាំទ្រតួនាទីកាន់តែសកម្មរបស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ។
ឯកឧត្តម ស៊ី ជីនពីង រីករាយ នឹងទទួលការអញ្ជើញរបស់ សម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាមពេលវេលាសមស្រប នាពេលខាង មុខ។
ឯកឧត្តម ស៊ី ជីនពីង សូមសម្តេចតេជោ ពាំនាំនូវសេចក្តីសួរសុខទុក្ខថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា និងសូមជូនពរសម្តេចតេជោ និងគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសចិន ប្រកប ដោយជោគជ័យ និងស្នាក់នៅប្រទេសចិនដោយសប្បាយរីករាយ៕






