ក្រុងសៀមរាប ៖ ជនសង្ស័យពាក់ពន្ធ័ករណីឃាតកម្ម លើជនរងគ្រោះ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ត្រូវបានឃាត់ខ្លួនបានហើយ បន្ទាប់ពីបានធ្វើការស្រាវជ្រាវ អស់រយះពេល៧ម៉ោង។ កាលពីចន្លោះវេលាម៉ោង ៣ទៅម៉ោង៤:០០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីប្រទះឃើញសពជនរងគ្រោះ ឈ្មោះ ហុឹម វណ្ណារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប។
បន្ទាប់ពីទទួលសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋ និងដោយមានបទបញ្ជារយ៉ាងម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នគរបាលក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាលក្រុងសៀមរាប បានធ្វើការរក្សា និងពិនិត្យកន្លែងកើតហេតុ ហើយបើកការស្រាវជ្រាវ។
លទ្ធផលពិនិត្យកន្លែងកើតហេតុ និងនៅលើសាកសពជនរងគ្រោះ មានស្នាមចាក់ដោយកាំបិតចំនួន១០ចំណុច ដោយឡែកសម្ភារះទ្រព្យសម្បត្តិរបស់ជនរងគ្រោះ មិនមានការបាត់បង់ឡើយ យើងបានសន្និដ្ឋានថា ករណីនេះជាករណីគំនុំ។
លោក វរសេនីយ៍ត្រី នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ បានអោយដឹងថា បន្ទាប់ពីរូបលោក បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ អស់រយះពេល៧ម៉ោង នៅវេលាម៉ោង ១៣:០០នាទី ថ្ងៃខែដដែល មន្ត្រីនគរបាលយុត្តិធម៍យើង បានធ្វើការកំណត់អត្តសញ្ញាណជនសង្ស័យ និងនាំខ្លួនយកមកធ្វើការសាកសួរ។ ជនសង្ស័យមានឈ្មោះ សុខ លីនី ភេទស្រី អាយុ ២៦ឆ្នាំ មានទីកន្លែងកំណើត នៅភូមិដើមចន្ទ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវជាភរិយារបស់ជនរងគ្រោះ។
ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលកើតហេតុ កាលពីយប់វេលាម៉ោង ២៤:២៥នាទី ឆ្លងចូលថ្ងៃទី១៥ ខែសីហា នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជនសង្ស័យបានយកទូរសព្ទ័ខលទៅជនរងគ្រោះ ឈ្មោះ ហុឹម វណ្ណារ៉ូ ដើម្បីអោយមកជួយយកកូនទៅមន្ទីពេទ្យ ព្រោះកូនឈឺហើយក្អួតចេញមកឈាម តែជនរងគ្រោះបានតបវិញថា ចាំស្អែកទៅ។ លុះដល់វេលាម៉ោង ០១:១៣នាទី ជនសង្ស័យបានខលទៅម្តងទៀត ដោយប្រាប់ជនរងគ្រោះថា បងឆាប់មកៗកូនយើងកាន់តែមិនស្រួលមែនទែនហើយ ជនរងគ្រោះក៏បានធ្វើដំណើរចេញពីកន្លែងធ្វើការ ដើម្បីទៅយកជនសង្ស័យ និងកូនទៅមន្ទីពេទ្យ។ លុះដល់វេលាម៉ោង ១:៣០នាទី ជនសង្ស័យក៏ខលមកជនរងគ្រោះម្តងទៀត សួរថា “បងដល់ណាហើយ?” ជនរងគ្រោះបានឆ្លើយថា “ដល់ផ្លូវគ្រួសក្រហមហើយ” ជនរងគ្រោះក៏ប្រាប់ជនសង្ស័យអោយចេញមកនៅចាំមុខផ្ទះ។ ជនសង្ស័យបានចេញមកចាំ ដោយមិនអោយសមាជិកក្នុងគ្រួសារដឹងឡើយ។
បន្ទាប់ពីបានជួបគ្នាហើយ ក៏នាំគ្នាជូនកូនទៅមន្ទីពេទ្យគន្ធបុប្ផា ពេលទៅដល់ ហើយជនសង្ស័យបានអោយទូរសព្ទ័ទៅជនរងគ្រោះ ហើយក៏នាំកូនចូលក្នុងមន្ទីពេទ្យ។ លុះចេញពីមន្ទីពេទ្យវិញ ជនរងគ្រោះ (ស្រវឹង) និងជនសង្ស័យបាននាំគ្នាជិះម៉ូតូនាំកូនមកផ្ទះវិញ ក្នុងអំឡុងពេលជិះម៉ូតូត្រឡប់មកផ្ទះវិញ ជនសង្ស័យបានលួងលោម អោយប្តីត្រឡប់មកនៅផ្ទះវិញជុំគ្នាវិញ តែជនរងគ្រោះមិនព្រម។ ពេលជិតដល់កន្លែងកើតហេតុ ចន្លោះម៉ោង ២ ម៉ោង៣:០០នាទី ជនសង្ស័យបាននិយាយថា “ធ្វើប្តីអាចម៍អី គ្រាន់តែកូនឈឺមិនជួយមើល” រួចហើយជនសង្ស័យបានប្រាប់ជនរងគ្រោះអោយឈប់ម៉ូតូ ដើម្បីចុះដើរពរកូន។
ពេលនោះ ជនរងគ្រោះបានបានយកកាំបិតចិតបន្លែរ មករុញបម្រុងចាក់ជនសង្ស័យ បណ្តាលអោយជនសង្ស័យដួលទៅលើដី រីឯជនរងគ្រោះក៏ដួលដែល។ ពេលនោះដែរ កូនរបស់ពួកគេបានស្រែកយំខ្លាំង ដោយឃើញជនរងគ្រោះដួលដែល ជនសង្ស័យបានឆក់យកកាំបិត ពីដៃជនរងគ្រោះ បណ្តាលអោយមុតម្រាមមេដៃឆ្វេង។ ក្រោយបានកាំបិតហើយ ជនសង្ស័យក៏បានចាក់ទៅលើជនរងគ្រោះជាប្តី ត្រង់ចំណុចពោះ ជាច្រើនកាំបិត បន្ទាប់មកជនសង្ស័យ បានប្រឹងក្រោក ដោយភ័យខ្លាចប្តីងើបមកធ្វើបាបខ្លួន និងកូន ជនសង្ស័យក៏បានយកកាំបិត ចាក់ខាងក្រោយខ្នងជនរងគ្រោះបន្ថែមទៀត ដោយមិនដឹងចំកន្លែងណាខ្លះនោះទេ។ បន្ទាប់មកជនសង្ស័យបានពរកូន រត់ចូលក្នុងផ្ទះវិញ។ លុះដល់វេលាម៉ោង ៥:០០នាទី ជនសង្ស័យបានយកសម្លៀកបំពាក់ ដែលស្លៀកពីយប់នោះ ទៅបោកគក់សម្អាត ដើម្បីលាក់បាំងកុំអោយគេដឹង ប៉ុន្តែនៅតែមិនអាចលាក់បាំងពីសមត្ថកិច្ចយើងឡើយ។
យោងតាមចម្លើយសារភាព ជនសង្ស័យ និងវត្ថុតាងដែលដកហូតបាន ត្រូវបាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕ ជា ស្រស់












