ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យស្ថានភាពដាំដុះដំណាំស្រូវរដូវវស្សានៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ និងពិនិត្យស្រូវដែលរងការខូចខាតនៅឃុំរហាត់ទឹក ស្រុក មណ្ឌលបុរី ខេត្តបន្ទាយមានជ័យ។
តាមរបាយការណ៏ ឲ្យដឹងថា ស្ថានភាពខូចខាតដំណាំស្រូវដោយគ្រោះទឹកជំនន់នៅក្នុងភូមិក្រមុល ឃុំរហាត់ទឹក ស្រុកមង្គលបុរី ដែលបានបណ្តាលឲ្យប៉ះពាល់ដល់ដាំណាំស្រូវ វស្សាប្រមាណជាង ៥ ០០០ហត ខូចខាត ៣ ២២៥ហត និងបានស្តារឡើងវិញបានប្រមាណ ២ ៣៨០ហត។
អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាគិតមកត្រឹមថ្ងៃទី១៤ ខែកញ្ញានេះនៅទូទាំងខេត្តបន្ទាយមានជ័យ មានផ្ទៃដីដំណាំស្រូវវស្សាប៉ះពាល់ដោយសារទឹកជំនន់មានចំនួន ៨ ៥៧០ហត ខូចខាតជាង ៥ ០០០ហត និងបានស្តារឡើងវិញចំនួនជាង ២ ៨០០ហត។
លោកមេឃុំរហាត់ទឹក ស្រុកមង្គលបុរី បានឲ្យដឹងថា បញ្ហាប្រឈមជារួមនៃទឹកជំនន់ក្នុងឃុំរហាត់ទឹកគឺការរំដោះទឹកមិនទាន់ដោយសារទំនប់បញ្ចាល់ទឹកពោធិពីរដើមចាស់មិនអាចរំដោះទឹកបានគ្រប់ ហើយនិងនៅពេលបច្ចុប្បន្ននេះគឺកំពុងធ្វើការស្តារឡើងវិញនៅទំនប់បញ្ចាល់ទឹកពោធិនេះ បានធ្វើឲ្យការរំដោះទឹកជំនន់មិនបានគ្រប់គ្រាន់និងទាន់ពេលវេលា ដែលបានបន្តធ្វើឲ្យទឹកចាល់ជន់លិចរយ:ពេលយូក្នុងរដូវវស្សានេះ។ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំឲ្យនាយកដ្ឋានដំណាំ ស្រូវនៃអគ្គនាយកដ្ឋានកិសកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការតាមដាន សិក្សា និងវាយតម្លៃលើផ្ទៃដីស្រែប៉ះពាល់ជាក់ស្តែង រួចដាក់សំណើសុំពូជស្រូវពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមតម្រូវការជាក់ស្តែង។
ដោយឡែក ចំពោះដំណោះស្រាយ រយ:ពេលវែង ឯកឧត្តមបានណែនាំឲ្យលោកប្រធានមន្ទីរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិភាក្សាជាមួយមន្ទីរធនធានទឹក និង ឧតុនិយមខេត្តអំពីលទ្ធភាពសាងសង់ទំនប់បង្ហូររំដោះទឹក តាមសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងឃុំរហាត់ទឹក ៕






