ប្រជាកសិករនៃសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្ដបារាយណ៍ខាងលិច កំពុងរីករាយជាមួយនឹង ទិន្ន ផលស្រូវនៅក្នុងរដូវនេះ ដែលតាមការអះអាង ឆ្នាំនេះមាន ការកើនឡើងជាងឆ្នាំទៅ។
ប្រជាកសិករទាំងនោះអះ អាងថា កំណើនទិន្នផលស្រូវឆ្នាំនេះ ក៏ដោយសារការទទួលទឹកពីបារាយណ៍ខាងលិចដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាបានទាន់ពេលវេលា និងក្នុងបរិវេណគ្រប់គ្រាន់សម្រាប់បំពេញស្រែរាប់សិបហិកតារបស់ពួកគេ។
ប្រធានសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្ដបារាយណ៍ខាងលិច លោក សុខ មក់ ឱ្យដឹងថា ទិន្នផលរបស់ប្រជាកសិករដែលទទួលទឹកបារាយណ៍ខាងលិចនៅឆ្នាំនេះ ទទួលបានផលល្អប្រសើរ។
លោកបន្ថែមថា លទ្ធផលដែលទទួលបាននេះ ក៏ដោយសារការទទួលទឹកពីប៉ែកខាងលើដែលទម្លាក់មក មានភាពងាយស្រួល និងឆាប់រហ័សទាន់ ពេលវេលា។ ប្រធានសហគមន៍ លោក សុខ មក់ បានបង្ហាញអារម្មណ៍រីករាយជាខ្លាំងចំពោះអាជ្ញាធរជាតិអប្សរា ដែលជានិច្ចកាលបានសហការផ្តល់ទឹកដល់កសិករសម្រាប់ស្រោចស្រពស្រូវតាមតម្រូវការជាក់ស្ដែង។
កសិករក្នុងភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀម រាប លោក ជា ម៉ោញ រៀបរាប់ថា ស្រែចំនួន៥ហិកតារបស់លោកនៅឆ្នាំ ទទួលផលគិតជាទឹកប្រាក់ប្រមាណ១៥ លាន ។
លោកបន្ថែមថា ទឹកបារាយណ៍ជាផ្នែកមួយយ៉ាងសំខាន់ដែលជួយឱ្យផលស្រូវរបស់លោកបានផលល្អ។ លោកបញ្ជាក់ថា៖ បើគ្មានទឹកនោះទេ ស្រូវមិនកើតទេ ព្រោះវាលនេះតាំងពីដើម ពឹងលើទឹកបារាយណ៍តាំងពីសង្គមមក»។
មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក លោក ទឹម ឆោម បារាយណ៍ខាងលិចមានតួនាទីស្នូលចំនួន៤សំខាន់ៗ រួមមាន ទី១សម្រាប់បញ្ជៀសជំនន់ទឹកភ្លៀងមិនឱ្យលិចក្រុង ទី២ ផ្គត់ផ្គង់សម្រាប់ប្រជាកសិករ ដែលសព្វថ្ងៃមានចំនួន២ ស្រុក-ក្រុង គឺ៥សង្កាត់ក្នុងក្រុងសៀមរាប និង៤ឃុំនៃស្រុកពួក។
តួនាទីទី៣ គឺផ្គត់ផ្គង់ទឹកស្អាតដល់រដ្ឋាករទឹកស្វ័យតសៀមរាប និងទី៤ ផ្គត់ផ្គង់ទឹកក្រោមដីដើម្បីឱ្យមានស្ថេរភាពជួយការពារគ្រឹះប្រាសាទ និងជួយសម្រួលចរន្តទឹកក្រោមដីដល់ពលរដ្ឋនៅជុំវិញតំបន់ផងដែរ។
សម្រាប់សហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាស្រ្ដបារាយណ៍ខាងលិចនេះដែរ លោក ទឹម ឆោម ពន្យល់ថា សហគមន៍នេះបានបង្កើតយូរមកហើយ តែនៅឆ្នាំ២០១៤ រាជរដ្ឋាភិបាលក៏ប្រគល់ការគ្រប់គ្រងមកឱ្យអាជ្ញាធរជាតិអប្សរា ហើយបានបន្តរៀបចំកិច្ចការងារបែងចែកដល់ប្រជា កសិករឱ្យកាន់តែល្អប្រសើរ។
យ៉ាងណា មន្រ្តីនៃនាយកដ្ឋានគ្រប់គ្រងទឹករៀបរាប់ថា នៅក្រោយការផ្គត់ផ្គង់ទឹកបានគ្រប់តម្រូវការ ប្រជាកសិករបានពង្រីកផ្ទៃដីស្រែ ដែលធ្វើឱ្យការផ្គត់ផ្គង់ទឹកមានការកើនឡើងជាលំដាប់។
លោក ទឹម ឆោម ពន្យល់ថា មុនការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ផ្ទៃដីស្រែសរុបទាំងមូលរបស់កសិករមានត្រឹម១៣,០០០ហិកតា តែក្រោយមកមានការបង្កើនផ្ទៃដីស្រែប្រាំងរហូត២ដង។
ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់ប្រជាកសិករទាំងអស់ សូមធ្វើស្រែតែម្ដងក្នុងមួយឆ្នាំ ហើយត្រូវដាំដំណាំរួមផ្សំផ្សេងៗជំនួស ដើម្បីកាត់បន្ថយហានិភ័យពីការពឹងលើទឹកបារាយណ៍ ព្រោះបច្ចុប្បន្ននេះ ទឹកបារាយណ៍មានតួនាទីច្រើនច្រើន ដែលធ្វើឱ្យការបញ្ជូនទឹកដល់ប្រជាពលរដ្ឋមិនតាមតម្រូវការនៅពេលខ្លះ។
លោក ទឹម ឆោម ប្រាប់ថា៖« ការបើកទឹកទម្លាក់លើសពីមួយដង អាស្រ័យលើទឹក យើងក៏ព្យាយាមពន្យល់ឱ្យគាត់ធ្វើស្រែដំណាលគ្នា ដើម្បីឱ្យការទម្លាក់ទឹកមកម្ដងរួច ជៀសវាងទម្លាក់ច្រើនដង វាខាតទឹក»៕






