ខេត្តកំពង់ស្ពឺ ៖ បុរសមានសតិមិនគ្រប់ម្នាក់ បានបាក់កស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូទាំងស្រវឹងស្រាជោគជាំ ហើយរ៉េចង្កូត ជ្រុលទៅបុកគល់ឈើ បាក់ក ប្រកាច់ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ០៣និង១៥នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៨ នៅលើផ្លូវគ្រួសក្រហម ក្នុងភូមិចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមសម្តី របស់មន្ត្រីនគរបាលចរាចរណ៍ស្រុកភ្នំស្រួច បាននិយាយអោយដឹងថា បុរសរងគ្រោះមានឈ្មោះ ឃី ឃៀម អាយុ៤៦ឆ្នាំ រស់នៅជាមួយលោកសង្ឃ ក្នុងវត្តគិរីរម្យចាស់ (មានសតិមិនគ្រប់ផង) និងមានស្រុកកំណើត នៅក្នុងភូមិ ចាំស្រី ឃំុកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

តាមសង្ឃដីការរបស់សង្ឃមួយអង្គ មានថេរថា សព្វថ្ងៃនេះបុរសរងគ្រោះ បានស្នាក់នៅជាមួយលោកសង្ឃ ក្នុងវត្តចាស់ (វត្តគិរិរម្យចាស់) ហើយជាមនុស្សមិនសូវគ្រប់ទឹក និងគ្មានសាច់ញាតិនោះទេ មកនៅជាមួយលោកយូរឆ្នាំណាស់មកហើយ។
តាមសម្តីនគរបាល បានស្រង់សម្តីអ្នកឃើញហេតុការណ៍ និយាយថា នៅថ្ងៃកើតហេតុនោះ បុរសរងគ្រោះខាងលើ បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសង់ ផលិតនៅប្រទេសកូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខនោះទេ បានបើកបរតាមបណ្តោយផ្លូវគ្រោះក្រហម ពីទិសខាងលិច ទៅទិសខាងកើត ក្នុងស្ថានភាពស្រវឹងស្រា លុះពេលធ្វើដំណើរមកដល់ចំណុចផ្លូវបំបែក (កើតហេតុ) ទៅវត្តចាស់ ក៏បានរេចង្តូត ទៅបុកដើមឈើ បណ្តាលអោយបាក់ក ប្រកាច់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ នគរបាលជំនាញបានចុះពិនិត្យ និងវាស់វែងកន្លែងកើតហេតុ។ ចំណោះសាកសព ត្រូវបានប្រគល់ជូនលោកសង្ឃ នៅវត្តចាស់ ធ្វើបុណ្យតាមប្រពៃណីផងដែរ៕ អ៊ុ ណូន






