ឩត្តរមានជ័យ ៖ បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតដោយសារតែជិះម៉ូតូខាងឆ្វេងដៃ ត្រូវរថយន្តបុក ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០ និង៣៩នាទី ថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ២៦៨៦ ចន្លោះគីឡូម៉ែត្រលេខ៤ និងលេខ៥ ក្នុងភូមិគិរីវ័ន្ត សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ យ៉ម យឿម ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិស្រះព្រិច សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកម៉ូតូបានរងការខូចខាតទាំងស្រុង រីឯករថយន្តម៉ាក លុចស៊ីស RX300 ពណ៌ស្ករពាក់ស្លាក់ លេខ ភ្នំពេញ ២T-៧២៧១ ដែលជាអ្នកបើកបរបានរត់គេចខ្លួនបាត់ បន្ទាប់ពីកើតហេតុភ្លាមៗ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចចរាចរណ៍ក្រុងសំរោង បានអោយដឹង មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែម៉ូតូជនរងគ្រោះ ជិះម៉ូតូនៅខាងឆ្វេងដៃ ហើយខណៈពេលនោះរថយន្ត លុចស៊ីស RX300 ដែលបើកបរក្នុងទិសដៅបញ្រ្ចាស់គ្នា ក៏បុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ ក្រោយពីកើតហេតុការណ៍កម្លាំងចរាចរណ៍ បាននាំយកវត្ថុតាងរថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសំរោង រីឯសាកសពជនរងគ្រោះប្រលគល់ទៅអោយគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។









