
ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តហាយឡែនឌ័រ ក្នុងល្បឿនលឿន និងស្រវឹងស្រាផង ស្រាប់តែរេចង្កូតទៅបុករថយន្តកូរ៉ូឡា ដែលកំពុងឈប់នៅចញ្ចើមផ្លូវ ចំពីក្រោយពេញទំហឹង និងរុញទៅបុកម៉ូតូកង់បីបន្ថែមទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមសម្ដីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានបង្ហើបប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនោះ គឺមានរថយន្តកូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2K- 4005 បើកបរដោយបុរសម្នាក់មកឈប់នៅចញ្ចើមផ្លូវ កន្លែងកើតហេតុ រួមទាំងមានម៉ូតូកង់បីនៅខាងមុខផង ខណះពេលនោះ ស្រាប់តែមានបុរសម្នាក់បើករថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2I -8280 បានធ្វើដំណើរចេញពីច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងល្បឿនយ៉ាងលឿន រួមទាំងស្រវឹងស្រាផង ក៏រេចង្កូតទៅបុករថយន្តកូរ៉ូឡា ដែលកំពុងឈប់នៅចញ្ចើមផ្លូវចំពីក្រោយពេញទំហឹង និងរុញទៅបុកម៉ូតូកង់បីបន្ថែមទៀត បណ្ដាលឲ្យរថយន្តកូរ៉ូឡា និងរថយន្តបង្កហាយឡែនឌ័រ រងការខូចខាតយ៉ាងដំណំ ចំណែកម៉ូតូកង់បីខូចខាតតិចតួច និងម្ចាស់អង្គុយពីលើរងរបួសស្រាល ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបានបង្កឲ្យមនុស្សរងរបួសធ្ងន់ធ្ងរនោះទេ គ្រាន់តែខូចខាតរថយន្តបង្ក និងរថយន្តរងគ្រោះតែប៉ុណ្ណោះ ។ ក្រោយកើតហេតុភ្លាមៗ ម្ចាស់រថយន្តបង្កបានគេចខ្លួនបាត់ ដោយឲ្យបងប្អូនមកដោះស្រាយឲ្យ ។ តែទោះជាយ៉ាងណាភាគីទាំង៣ រថយន្តបង្ក រថយន្តរងគ្រោះ និងម៉ូតូកង់បី និយាយចរចាគ្នាមិនត្រូវនោះទេ ទើបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែង យកថយន្តបង្ក រថយន្តរងគ្រោះ និងម៉ូតូកង់បី ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ សុខ ស៊ីថា