មន្ត្រីក្នុងតំបន់ បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមជួយសង្គ្រោះបានរកឃើញមនុស្ស៦ នាក់ក្នុងចំណោមមនុស្សសរុប ៧នាក់ នៅលើទូកដែលបានបាត់ខ្លួននៅឆ្នេរសមុទ្រភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃអាទិត្យ។
ទូកដែលដឹកអ្នកទេសចរណអូស្ត្រាលី៤នាក់ និងនាវិកឥណ្ឌូនេស៊ី៣នាក់ បានបាត់ខ្លួន និងបាត់បង់ទំនាក់ទំនងក្នុងការធ្វើដំណើរ ទៅកាន់រមណីយដ្ឋានមួយនៅកោះ បានយ៉ាក នៃខេត្តអាឆេ ពីកោះ នាស (Nias) ក្នុងខេត្តស៊ូម៉ាត្រាខាងជើង ចំពេលមានអាកាសធាតុមិនល្អ។
លោកប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះរបស់ កោះនាស បាននិយាយថា មនុស្សប្រាំមួយនាក់ ដែលត្រូវបានគេរកឃើញគឺមានសុវត្ថិភាព។
ពួកគេត្រូវបានគេរកឃើញនៅជិតកោះក្នុងទីក្រុង អាឆេ ហើយត្រូវបានជម្លៀសទៅកាន់កោះពីណាំង ដើម្បីព្យាបាល។
លោកបានបន្ថែមថា ក្រុមសង្គ្រោះកំពុងបន្តស្វែងរកនាវិកទូក ដែលបាត់ខ្លួន៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






