
ខេត្តប៉ៃលិន៖ចាប់តាំងពីម៉ោង១០យប់ថ្ងៃទី២០ ខែមីនា រហូតដល់ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ គេសង្កេតឃើញថា អាជ្ញាធរប្រទេសថៃ ខេត្តចាន់បុរី បានសម្រេចបិទច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ជាបណ្តោះអាសន្ន ដោយមិនមានការឯកភាពពីភាគីកម្ពុជា ខេត្តប៉ៃលិននោះទេ ក្រោមហេតុផល ដើម្បីទប់ស្កាត់ នៃការរាតត្បាតជំងឺcovid-19នៅក្នុងខេត្តចាន់បុរី ដែលកត្តានេះធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង ដល់ភ្លៀវទេសចរណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ពិសេសការចរាចរណ៍ទំនិញចេញ ចូល តាមច្រកទ្វារអន្តរជាតិនេះផងដែរ ។
មន្ត្រីប្រចាំការ ច្រកទ្វារព្រំដែន អន្តរជាតិព្រំខេត្តប៉ៃលិន បានឲ្យអ្នកយកព័ត៌មានដឹងនៅព្រឹកថ្ងៃទី២១ ខែមីនា នេះថា៖ មុនពេលបិទច្រកទ្វារព្រំដែនអន្តរជាតិប្រទេសថៃ ជាប់ច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺប្រហែលម៉ោង៧យប់ថ្ងៃទី២០ ខែមីនា មានប្រជាជនថៃ ដែលមានស្នាក់នៅតាមកាស៊ីណូ និងសណ្ឋាគារ ក្បែរច្រកទ្វារព្រំដែន បាននាំគ្នារត់ឯកសារ ចេញទៅប្រទេសថៃ ដោយទំនង់ជាដឹងថាអាជ្ញាធរខ្លូនបិទច្រកមិនឲ្យចេញ ចូល ។
ប្រភពព័ត៌មាន បានបន្តថា៖ លុះដល់ម៉ោង១០យប់ ដែលជាធម្មតា ច្រកទ្វារព្រំដែន ទូទាំងប្រទេស តម្រូវឲ្យបិទទ្វារទាំងអស់ ប៉ុន្តែរហូតដល់ព្រឹកថ្ងៃទី២១ ខែមីនា នេះ ក៏ខាងភាគីថៃ មិនបានបើកទ្វារព្រំដែននោះដែរ ជាហេតុធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង សម្រាប់ភាគីកម្ពុជា ខេត្តប៉ៃលិន ពិសេសអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋ ដែលធ្លាប់ដឹកទំនិញឆ្លងកាត់តែម្តង ។
ប្រភពព័ត៌មាន ក៏បានបញ្ជាក់ដែរថា៖ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២០ ខែមីនា អាជ្ញាធរថៃ ខេត្តចាន់បុរី ក៍បានជូនដំណឹងមកអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលឈរជើងនៅច្រកទ្វារព្រំដែន ដែរ ប៉ុន្តែមិននឹកស្មានថាគេបិទដូច្នោះ ព្រោះបើនិយាយពីច្រកអន្តរជាតិ គឺមានចុះMOU ត្រូវជូនដំណឹង៤ទៅ៥ថ្ងៃមុន និងមានការឯកភាពគ្នា ទើបបិទបាន។
ប្រភពព័ត៌មាន បានបញ្ជាក់ដែរថា៖ ការបិទច្រកទ្វារព្រំដែន អន្តរជាតិ ជាបណ្តោះអាសន្ន ក្រោមហេតុផល ដើម្បីទប់ស្កាត់ នៃការរាតត្បាតជំងឺcovid-19 នៅក្នុងខេត្តចាន់បុរី ប្រទេសថៃ ។
នៅក្នុងលិខិតនោះគឺ មានការបិទច្រកព្រំដែនចំនួន៤រួមមាន៖ ច្រកឆ្លងដែនព្រំ ខេត្តប៉ៃលិន ជាប់ឃុំខ្លងយ៉ៃ ស្រុកពោណាមរ៉ង ខេត្តចាន់បុរី ,ច្រកឆ្លងដែនបឹងឆ្នាំង ជាប់ឃុំថេបនិមិត្ត ស្រុកពោណាមរ៉ង ខេត្តចាន់បុរី ,ច្រកឆ្លងដែនកាបីន ជាប់ឃុំថុងខាណាម ស្រុកសយដាវ ខេត្តចាន់បុរី និងច្រកឆ្លងដែនអូរអន្លក់ ជាឃុំសាតុន ស្រុកសយដាវ ខេត្តចាន់បុរី ផងដែរ ។
សូមបញ្ជាក់ថា៖ ក្រោយពីបិទទ្វារច្រកខាងលើ គឺមានសភាពស្ងប់ស្ងាត់ ដោយមិនធ្លាប់មានពីមុនមក ហើយអ្នកដែលនាំទំនិញចេញចូលត្រូវផ្អាកទាំងអស់ បើចង់ដឹកទំនិញបន្តទៀត ត្រូវទៅច្រកដូង ស្រុកកំរៀង ព្រោះមិនទាន់បិទនៅឡើយទេ ៕