លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៣ ខែសីហា បានបញ្ជាក់ឲ្យដឹងថា កម្ពុជាបានរកឃើញមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី ចំនួន ៤២ករណីថែមទៀត ដែលធ្វើឱ្យមេរោគថ្មីនេះកើតឡើងប្រមាណ ជិត ៣០០ករណី នៅក្នុងប្រទេសកម្ពុជា។
លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ក្នុងចំណោម ៤២ករណី ដែលត្រូវបានរកឃើញថ្មីនេះ មាននៅខេត្ត កំពង់ធំ ចំនួន៤នាក់ ខេត្តឧត្តរ មានជ័យចំនួន១៥នាក់ រាជធានីភ្នំពេញចំនួន៥នាក់ និងខេត្តសៀមរាប១៨ នាក់។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញ មេរោគបំប្លែងថ្មី Delta ជាង២៦០ករណីហើយ។
គិតត្រឹមព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៩,០៥១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧២,១៤៥នាក់ និងស្លាប់សរុបចំនួន ១,៤៧១នាក់៕






