
ដើម្បីចូលរួមក្នុងការការពារសត្វស្លាប ដែលកំពុងអភិរក្ស និង ដើម្បីបង្ការការឆ្លងជំងឺផ្សេងៗដែលកើតមានជាយថា ហេតុ ក្នុងករណីសត្វស្លាបស្លាប់ ជាបន្តបន្ទាប់រៀង រាល់ថ្ងៃមានចំនួនច្រើន រដ្ឋបាលខេត្តព្រៃវែង បានណែនាំបងប្អូនប្រជា ពលរដ្ឋ និងសាធារណៈជន ត្រូវផ្សព្វផ្សាយ និងហាម ឃាត់ ប៉ះពាល់ បរិភោគ និងត្រូវដុតបំផ្លាញចោល ក្នុងករណីឃើញសត្វស្លាបងាប់។ ការអំពាវនាវនេះ គឺក្រោយស្ថាន ភាព នៃករណីសត្វ ស្លាបស្លាប់ មានចំនួនច្រើន នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។
សត្វដែលងាប់ជាបន្តបន្ទាប់នេះ មានសត្វចង្កៀលខ្យង សត្វត្រយងខ្លួនរលោង សត្វខ្វែក សត្វកុកគ្រោង សត្វក្អែក និងសត្វស្លាបមួយចំនួនទៀត។
រយៈពេល៨ថ្ងៃមកនេះ ពោលគិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ មានសត្វស្លាបនៅតំបន់ទួលពាន់តាឡី ខេត្តព្រៃវែង ប្រមាណ ៦០០ក្បាល បានងាប់ជាបន្តបន្ទាប់ ខណៈមន្ត្រីជំនាញមិនទាន់បញ្ជាក់ពីមូលហេតុនៃការងាប់នេះនៅឡើយទេ។
លោក ពុត បូ ប្រធានសហគមន៍ទេសចរណ៍ ទួលពាន់តាឡី បានបញ្ជាក់ថា សត្វស្លាបនៅតំបន់ទួលពាន់តាឡី កំពុង តែងាប់ជាបន្តបន្ទាប់ គឺមានសត្វននៀលខ្យង បានងាប់ច្រើនជា ងគេគិតថ្ងៃ២៥ ខែមីនានេះ មានសត្វងាប់ប្រមាណជាង ៦០០ក្បាលហើយ។
តាមការសន្និដ្ឋានរបស់លោក គឺសត្វទាំងនោះងាប់ដោយសារសត្វទាំងអស់នោះ ហើរទៅរកចំណីនៅទីឆ្ងាយ អាចប៉ះជាមួយនឹងប្រជាពលរដ្ឋដែលគាត់ដាក់ថ្នាំបំពុល ឬក៏បាញ់ថ្នាំសម្លាប់ស្មៅ សម្លាប់ខ្យង នៅតាមវាល ស្រែ ដែលសត្វទាំងអស់នេះ តែងតែទៅរកចំណីអាហារនៅទីនោះ ហើយស៊ីរបស់ទាំងអស់នោះអាចបណ្ដាលឱ្យពុលស្លាប់ និងមួយទៀតអាចមកពីអាកាសធាតុប្រែប្រួល (ក្តៅខ្លាំង) និងចំណីមិនគ្រប់គ្រាន់។
សូមជម្រាបថា តំបន់ទេសចរណ៍សត្វស្លាបទួលពាន់តាឡី ស្ថិតនៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង មានផ្ទៃដី ៨២ហិកតា ហ៊ុព័ទ្ធដោយព្រៃលិចទឹក ដែលមានសត្វរាប់ម៉ឺនក្បាល កំពុងរស់នៅទីនោះ៕





