
ភ្នំពេញ៖ ផ្លូវថ្មើជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង (ផ្លូវលេខ២៤០) រដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឱ្យដំណើរការជាជំហានដំបូង នៅថ្ងៃទី០១ កុម្ភៈ ២០២៥ខាងមុខនេះ ដោយចាប់ផ្តើមនៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
នេះបើតាមការបង្ហាញអោយដឹង ក្នុងកិច្ចប្រជុំជាថ្មីទៀត ដើម្បីពិនិត្យវឌ្ឍន ភាពនៃការរៀបចំផ្លូវថ្មើរជើង(Walkstreet)ខាងលើនេះ នារសៀលថ្ងៃទី២៩ មករាឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយ មានការចូលរួមពីតំណាងក្រសួងទេសចរណ៏ និងអាជ្ញាធរពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេងបានមានប្រសាសន៍ថា៖ ផ្លូវថ្មើជើងនេះ យើងមានគម្រោងយូរមកហើយ ពោលគឺតាំងពីឆ្នាំ២០១៩មកម្លេះ ដោយសារស្ថានភាពនៃវិបត្តិ ជំងឺកូវីដ-១៩ បានធ្វើឱ្យគម្រោងនេះផ្អាកដំណើរការសិន។
ប៉ុន្តែបន្ទាប់ពីមានការ ណែនាំរបស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញបានជំរុញ ការងារឱ្យផ្លូវថ្មើរជើងនេះ ដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាងទាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានច្រើន។
ឯកឧត្ដម ឃួង ស្រេងបានបញ្ជាក់ថា៖ គម្រោងនេះត្រូវតែចេញ ដំណើរការ នៅថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដោយជាជំហានដំបូងយើងបើកផ្លូវ ថ្មើរជើងនេះ នៅរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់។
ជាការទាក់ ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា រាជធានីភ្នំពេញឱ្យកាន់តែច្រើនថទៀត។
គម្រោងផ្លូវថ្មើជើង(Walk street) ត្រូវបិទបិទចរាចរណ៍យាន ជំនិះគ្រប់ប្រភេទ រៀបចំបង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ការលក់ដូរនៅលើតម្រាយផ្លូវនេះឱ្យបានល្អ ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ។នៅមុនឈានទៅដល់ថ្ងៃបើកនាថ្ងៃទី០១កុម្ភៈ យើងត្រូវធ្វើជូនដំណឹង ដើម្បីណែនាំប្រជាពល រដ្ឋរស់នៅតំបន់នេះឱ្យបានយល់ពីគម្រោងនេះ។ អាជ្ញាធរត្រូវរៀបចំសណ្តាប់ធ្នាប់អោយបានល្អ ជាមួយនឹងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយដាក់មីក្រូស្រែកបំពងសំលេង កុំឱ្យយានយន្តចូល ពេលបើកដំណើរការ នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ គិតគូរពី អនាម័យបរិស្ថាន អ្នកលក់ដូរ។ដោយសារ ប្រជាពលរដ្ឋកំពុងទន្ទឹងរងចាំគម្រោងនេះ។
ក្រោយបើកឱ្យដំណើរការ យើងនឹងអង្កេត ជាមួយនិងការដកបទពិសោធន៍ ដើម្បីកែលំអរផ្លូវថ្មើជើង(Walk street) នេះឱ្យកាន់តែល្អប្រសើរថែមទៀត៕
