
ខេត្ដព្រៃវែង ៖ រថយន្តម៉ាក “សាដេស”1គ្រឿង ខណៈកំពុងបើកបរ បានបែកកង់ រ៉េចង្កូត ធ្លាក់ចូលក្នុងទឹកប្រឡាយ កាលពីវេលាម៉ោង 10និង20នាទី ព្រឹកថ្ងៃទី18 ខែសីហា ឆ្នាំ2018 នៅតាមបណ្តោយផ្លូវលំ ត្រង់ចំណុចប្រឡាយទឹកចិន ជាប់ព្រំប្រទល់ភូមិអង្គរទ្រេត និងភូមិស្វាយគុណ ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ប្រភពព៌តមាន បាននិយាយប្រាប់សមត្ថកិច្ចនគរបាលថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក “សាដេស”1គ្រឿង ពណ៌ទឺកប្រាក់ ពាក់ស្លាកលេខ “ភ្នំពេញ”2M.5472 បើកបរយ៉ាងលឿន តាមផ្លូវខ្នងទំនប់ប្រឡាយចិន។ លុះមកដល់ត្រង់ចំណុចខាងលើ រថយន្តបានបែកកង់ក្រោយខាងស្តាំ ក៍រ៉េចង្កូតធ្លាក់ចូលទៅក្នុងទឹកប្រឡាយតែម្តង។ ប៉ុន្តែសំណាងល្អមនុស្ស3នាក់ នៅក្នុងរថយន្ត មិនមានរងរបួសឡើយ ដោយសារកញ្ជក់ឡានបើកចំហរ ហើយត្រូវបានពលរដ្ធជួយសង្គ្រោះទាន់។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍អង្គរទ្រេត បានចុះទៅពិនិត្យ ទើបស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្ត មានឈ្មោះ គ្រឿន រី ភេទប្រុសអាយុ28ឆ្នាំ មានទីលំនៅភូមិត្រពាំងស្មៅ ឃំុពានរោង ស្រុកស្វាយអន្ទរ និងអ្នករួមដំណើរ ជាមួយ2នាក់ទៀត ត្រូវជាកូន មិនមានរងរបួសទេ និងបានជួយហៅរថយន្តមកស្ទូច យករថយន្តឡើងមកលើគោកឲ្យម្ចាស់វិញផងដែរ៕ សុឹម សាន់