ខេត្ដព្រៃវែង ៖ យ៉ាងហោចណាស់មានមនុស្ស 2នាក់ បានលង់ទឹកស្លាប់ នៅ2កន្លែងផ្សេងគ្នា នៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។
តាមរបាយការណ៍របស់សមត្តកិច្ចនគរបាល បានឲ្យដឹងថា ករណីទី១ ជនរងគ្រោះឈ្មោះ នួន ទីន ភេទប្រុស អាយុ31ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិទ័ពស្តេច ឃុំធាយ បានផឹកស្រាស្រវឹង ចុះលេងទឹកទន្លេនៅខាងក្រោយភូមិ ដែលមានជម្រៅ0.50ម៉ែត្រ បណ្តាលឲ្យលង់ស្លាប់ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង 10និង30នាទីព្រឹក ថ្ងៃទី28 ខែសីហា ឆ្នាំ2018 នៅចំណុចភូមិ ឃុំខាងលើ។
ករណីទី2 ជនរងគ្រោះឈ្មោះ រួន សៅ ភេទប្រុស អាយុ35ឆ្នាំ មានទីលំនៅភូមិស្វាយពក ឃុំស្ពឺ (ស្រវឹងស្រាដូចករណីទី១ដែរ) ចុះទៅលេងទឹកប្រឡាយក្បែរភូមិ បណ្តាលឲ្យលង់ស្លាប់ និងបង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅម៉ោង 4និង10នាទីល្ងាច ថ្ងៃទី28 ខែសីហា ឆ្នាំ2018 នៅចំណុចទឹកប្រឡាយក្បែរភូមិ,ឃុំខាងលើ។
ក្រោយទទួលបានព៌តមាន កម្លាំងនគរបាលជំនាញ សហការជាមួយនគរបាលប៉ុស្តិ៍ ចុះពិនិត្យធ្វើកោសល្យវិច្ច័យ រួចបានបញ្ជាក់ថា ជនរងគ្រោះទាំង2នាក់ ពិតជាស្លាប់ក្នុងករណីលង់ទឹកប្រាកដមែន ព្រោះមិនមានស្នាកស្នាមពាក់ព័ន្ធ ករណីអ្វីផ្សេងឡើយ។ បន្ទាប់ពិនិត្យរួច សពជនរងគ្រោះទាំង2នាក់ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ធានរៀងៗខ្លួន៕ សុឹម សាន់









