សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍អោយដឹងថា រាជរដ្ឋាភិបាលគ្រោង នឹងកសាងផ្លូវយុទ្ធសាស្រ្ត១ខ្សែតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ដែលកាត់តាមខេត្តបន្ទាយមានជ័យ ។ផ្លូវនេះក៏អាចតភ្ជាប់ទៅកាន់ខេត្តផ្សេងៗមួយចំនួនទៀតដែរដូចជា ខេត្តប៉ៃលិន និង ពោធិ៍សាត់ ជាដើម។
ផ្លូវថ្មីនេះគឺចំណេញដល់ការធ្វើដំណើរពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាបបានរហូតដល់ ៦៩គីឡូម៉ែត្រ ។ រាជរដ្ឋាភិបាលនឹងរកឥណទានសម្រាបកសាងផ្លូវនេះនៅក្នុងគម្រោង ឆ្នាំ ២០២១។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំអោយសាលាខេត្ត និងក្រសួងមន្ទីរពាក់ព័ន្ធនានាខិតខំសិក្សា និងរក្សាអោយបាននូវព្រលានយន្តហោះបែកចាន។ ទោះបីនៅពេលនេះមិនទាន់ត្រូវការប្រើប្រាស់ ប៉ុន្តែនៅពេលខាងមុខគឺពិតជាត្រូវការមិនខាន។
សម្តេចតេជោ បានស្នើអភិបាលខេត្ត និង សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជូនដំណឹងដល់ពលរដ្ឋកុំអោយសាងសំណង់ខ្ពស់ៗនៅទីតំបន់ព្រលានចាស់នោះ ព្រោះអាចប៉ះពាល់ដល់គម្រោងសាងសង់ព្រលានយន្តហោះនាពេលអនាគតខាងមុខ៕






