
ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោកស្រី Pauline TAMESIS អ្នកសំរបសំរួល របស់ អង្គការសហប្រជាជាតិប្រចាំកម្ពុជា បាន “អបអរសាទរ ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានជ្រើសតាំង នៅក្នុងស្ថាប័នជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ”។
លោកស្រី Pauline TAMESIS បានលើកឡើងក្នុងលិខិតរបស់លោកស្រី “ក្នុងឋានៈ ជាតំណាងអង្គការសហប្រជាជាតិ នៅកម្ពុជា ខ្ញុំ សូម សម្តែងអំណរសាទរយ៉ាងកក់ក្តៅបំផុត ជូន ចំពោះឯកឧត្តម៖
ទីមួយ សំរាប់ការជ្រើសតាំងកម្ពុជា ជាអនុប្រធានសម័យប្រជុំលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និង
ទីពីរ សំរាប់តួនាទី ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ មានអាណត្តិមួយឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០១៩”។
លោកស្រី Pauline TAMESIS បានបន្តលើកឡើង “យើងខ្ញុំចាត់ទុកឱកាសទាំងពីរនេះ ជាកាលានុ-វត្តភាពដ៏សំខាន់ ដើម្បីបង្ហាញឲ្យឃើញពីការដឹកនាំ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីសំរេចឲ្យបាន នូវគោលដៅអាទិភាពនៃកិច្ចអភិវឌ្ឍជាតិ និងដើម្បីសំរេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល”។
លោកស្រី Pauline TAMESIS បានគូសបញ្ជាក់បន្ថែម “ខ្ញុំ សូម ឆ្លៀតឱកាសនេះ សំដែងសារជាថ្មីជូនចំពោះ ឯកឧត្តម នូវការប្តេជ្ញារបស់អង្គការសហប្រជាជាតិនៅកម្ពុជា គាំទ្ររាជរដ្ឋាភិបាល ភាគីពាក់ព័ន្ធទាំងអស់ និងប្រជាជនកម្ពុជា ក្នុងការសំរេចបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសំរាប់ទាំងអស់គ្នា”។
គួរកត់សំគាល់ថា ព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសតាំង ជាអនុប្រធានសម័យប្រជុំលើកទី៧៣ នៃមហាសន្និបាត អង្គការសហប្រជាជាតិ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ និងជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ដោយសំលេងគាំទ្រ១៨៣ លើ១៨៨។
ថ្ងៃច័ន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
ភ្នំពេញ ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៨